ប្តីក្មេងញៀនលេង តិចតុក មិនរកស៊ីអី អតីតតារាសម្តែង ម៉ៅ សុចាន់ធី ប្រកាសលែងចោល ឈប់ស្តាយស្រណោះ
កម្សាន្ត៖ថ្មីៗនេះអតីតតារាសម្តែង ម៉ៅ សុចាន់ធី បានប្រកាសផ្តាច់ស្នេហ៍ជាមួយប្តីលោក រ៉ាម៉ូ ជាលើកទីពីរហើយ ដោយក្នុងនោះអ្នកស្រីបានប្រាប់ពីមូលហេតុថា មកពីប្តីចោលម្សៀតញៀននឹងការលេង តិចតុក មិនគិតរកស៊ីអី ធ្វើឱ្យអ្នកស្រីឆ្អែតចិត្តពេក ក៏ប្រកាសលែងប្តីក្មេងចោល ឈប់ស្តាយស្រណោះតែម្តង ។
បើទោះជាមានរូបសម្បត្តិស្រស់ស្អាត តែអតីតតារាសម្តែងលោកស្រី ម៉ៅ សុចាន់ធី ហាក់មិនសូវមានសំណាងល្អនៅក្នុងរឿងស្នេហាឡើយ ។ យ៉ាងណាមិញថ្មីៗ នេះអតីតតារាសម្តែងរូបនេះ បានប្រកាសបែកគ្នាជាមួយស្វាមីជាលើកទីពីរ ដោយលើកហេតុផលថា លោក រ៉ាម៉ូ ជាប្តីចោលម្សៀតមិនចេះកែចរិត។
ជួបសម្ភាសជាមួយអ្នកយកព័ត៌មាន Lee News តាមសារអេឡិចត្រូនិចអតីតតារាសម្តែងលោកស្រី ម៉ៅ សុចាន់ធី បានរៀបរាប់ថា «ខ្ញុំឈប់ផ្តល់ឱកាសឱ្យអតីតប្តីទៀតហើយ ព្រោះគេមិនកែចរិត មិនបានបំពេញតួនាទីជាស្វាមីល្អមិនគិតខំរកស៊ីគិតតែពីសប្បាយលេងតិកតុក ដូច្នេះខ្ញុំឆ្អែតចិត្តហើយ មិនអាចមានជាលើកទីបីទៀតទេ »។គេនៅចាំបានថា មិនមែនជាលើកដំបូងទេដែលលោកស្រី ម៉ៅ សុចាន់ធី ធ្លាប់ចែកផ្លូវជាមួយស្វាមី ព្រោះកាលពីមួយឆ្នាំមុនធ្លាប់មានរឿងរ៉ាវបែកបាក់ម្តងរួចមកហើយ តែក្រោយពីមានការសុំទោសពីសំណាក់លោក រ៉ាម៉ូ អ្នកស្រី ក៏ទន់ចិត្តនឹងត្រូវរ៉ូវគ្នាជាថ្មីឡើងវិញ ។ តែមិនបានប៉ុន្មានខែផងអតីតតារាសម្តែងជើងចាស់រូបនេះ ក៏បានប្រកាសចែកផ្លូវគ្នាម្តងទៀត ដោយលើកឡើងថា លែងមានលើកទីបីទៀតហើយអ្នកស្រីហត់ចិត្តខ្លាំងណាស់ ។
តែអ្វីដែលធ្វើឱ្យអតីតតារាសម្តែង ម៉ៅ សុចាន់ធី ហួសចិត្តនោះក្រោយពីបែកគ្នាមិនបានប៉ុន្មានផង អតីតស្វាមីបានស្វែងរកប្រពន្ធថ្មីតាមតិកតុកភ្លាមៗតែម្តង ដោយលើកហេតុផលថា ចង់បានកូន។ អ្នកស្រីបាននិយាយថា «កាលស្រឡាញ់ខ្ញុំដឹងហើយថាខ្ញុំអត់អាចមានកូនបានទេចុះហេតុអ្វីនៅតែរៀបការជាមួយខ្ញុំ។ កន្លងមកគេបាននិយាយថាទោះមិនបានមកអាមេរិកតែគេនៅតែរង់ចាំខ្ញុំរហូត» ។ សម្រាប់ការបែកបាក់លើកនេះក៏មិនខុសពីលើកមុនៗដែរ ដោយសាររឿងលុយកាក់ពោលអ្នកស្រីខំធ្វើការទាំងឈឺទាំងជា យកប្រាក់ផ្ញើមកប្តី តែប្តីបែរជាមិនខំធ្វើការរកស៊ីគិតតែពីសប្បាយជាមួយតិកតុកទៅវិញ។ ត្រូវគ្នាលើកនេះអ្នកស្រីក៏បានរៀបចំសំណុំ ឯកសារធានាប្តីមកម្តងទៀតដោយចំណាយប្រាក់រាប់ពាន់ដុល្លារ តែយ៉ាងណាអ្នកស្រីមិនស្តាយទេ ហើយក៏ឈប់លើកលែងទោសឱ្យទៀតដែរ ។
អ្នកស្រី ម៉ៅ សុចាន់ធី បានលើកឡើងថា បែកគ្នាលើកនេះអ្នកស្រីលែងចង់និយាយអ្វីហើយព្រោះវាដដែលៗពេក ហើយអ្នកខ្លះក៏បានរិះគន់ថា នេះមកពី អ្នកស្រីចាញ់បោកប្រុសក្មេង តែសម្រាប់អ្នកស្រីយល់ថា ក្នុងនាមជាប្តីប្រពន្ធ ការជូយផ្តល់ប្រាក់កាសឱ្យគ្នាជារឿងធម្មតា ប៉ុន្តែសុំឱ្យភាគីជាប្តីត្រូវប្រឹងប្រែង រកស៊ីមិនមែនចោលម្សៀតនោះទេ។
ដោយសារខកចិត្តជាមួយបុរសដែល រស់នៅស្រុកខ្មែរច្រើនដងពេក អតីតតារាសម្តែងសម្បុរស្បែកសខ្ចីរូបនេះនិយាយថា ខ្លាចហើយស្នេហាឆ្លងដែនរស់នៅម្នាក់ឯងសប្បាយចិត្តជាង ។ គូរបញ្ជាក់ថា ម៉ៅ សុចាន់ធី បានចុះមករៀបការជាមួយស្វាមីលោក រ៉ាម៉ូ ដែលមានវ័យក្មេងជាង១០ឆ្នាំ កាលពីអំឡុងឆ្នាំ ២០១៨ នៅខេត្តបាត់ដំបងក្រោយពីមានទំនាក់ទំនងតាមហ្វេសប៊ុកមួយរយៈ ៕
សូមបញ្ចេញមតិនៅទីនេះ