ម៉ាលី អូប៉ បង្ខំចិត្តធ្វើការរោងចក្រចិញ្ចឹមជីវិត ខណៈរបួសលើសង្វៀន គ្មានអ្នកឈឺឆ្អាល ងាកមកសុំមន្ទីរពេទ្យចិត្តធម៌ និងមហាជនជួយ
ជើងខ្លាំងក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ម៉ាលី អូប៉ បានសម្រេចបង្ខំចិត្តទៅធ្វើការរោងចក្រនៅខេត្តកោះកុង ដើម្បីរកលុយចិញ្ចឹមជីវិត ខណៈរបួសបាក់ឆ្អឹងប្រអប់ដៃនៅមិនទាន់ជាសះស្បើយនៅឡើយ ហើយក៏គ្មានប្រាក់ព្យាបាល និងគ្មានអ្នកអើពើ រហូតរូបគេដាច់ចិត្តងាកមកសុំអ្នកស្នេហាគុនខ្មែរ ជួយសង្គ្រោះក្នុងគ្រាដ៏លំបាកនេះ។
អ្នកប្រដាល់មកពីខេត្តបាត់ដំបង ម៉ាលី អូប៉ បានរងរបួសស្រាំឆ្អឹងប្រអប់ដៃកាលអំឡុងខែឧសភា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ល្បីមួយ នៅខេត្តពោសាត់។ បញ្ហារងគ្រោះក្នុងពេលប្រកួតនេះ ក្រោយចុះពីសង្វៀន ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យឃើញថា រូបគេរបួសស្រាំឆ្អឹង និងត្រូវបានគ្រូពេទ្យប្រាប់ឲ្យសម្រាករហូត៣ខែ ប៉ុន្តែបើគិតមកដល់ពេលនេះមានចំនួន៥ខែមកហើយ របួសគេនៅតែមិនទាន់ជាសះស្បើយនៅឡើយ និងមិនអាចឡើងសង្វៀនបានទេ។
ខណៈខ្លួនមានជីវភាពខ្វះខាតខ្លាំង ដោយសារឡើងប្រកួតលែងបាន ម៉ាលី អូប៉ ក៏បានបង្ខំចិត្តទៅធ្វើការជាកម្មកររោងចក្រនៅឯខេត្តកោះកុងម្តងវិញ ដោយសារគ្មានទីពឹង ព្រោះរូបគេជាកូនកំព្រាតាំងពីតូចមកម្ល៉េះ។
កីឡាករខាងលើបាននិយាយប្រាប់មកកាន់ Lee News ក្នុងបទសម្ភាសន៍ថា «បាទ បងឥឡូវហ្នឹងខ្ញុំនៅកោះកុង ខ្ញុំកំពុងដាក់ពាក្យចូលធ្វើការជាកម្មកររោងចក្រហើយបង តែគេនៅអត់ទាន់បានហៅចូលធ្វើការទេ។ ឡូវនេះខ្ញុំនៅផ្ទះអ៊ំប្រុសធម៌នៅខេត្តកោះកុង ខ្ញុំអត់មានផ្ទះទេបង ព្រោះខ្ញុំជាកូនកំព្រា។ ខ្ញុំស្រលាញ់ប្រដាល់ណាស់បង បើខ្ញុំជាពីរបួសអាចប្រកួតបាន ខ្ញុំនឹងទៅវិញហើយ។ តែបញ្ហាខ្លាំងនៅពេលនេះ ខ្ញុំក៏អត់មានលុយដើម្បីព្យាបាលដៃហ្នឹងដែរ ណាមួយបើវានៅតែឈឺចឹងខ្ញុំក៏មិនដឹងថា ពេលណាទើបបានចូលវ៉ៃវិញទេបងគួ»។
គួរបញ្ជាក់ ម៉ាលី អូប៉ បានបាត់មុខពីសង្វៀនមួយរយៈមកហើយ ដោយសារតែបញ្ហារបួសដៃនេះ ហើយគេក៏ជាកីឡាករល្អម្នាក់ដែលអាចវាយលក្ខណៈអន្តរជាតិច្រើនដងមកហើយដែរ ។ ទន្ទឹមគ្នានោះកីឡាករគ្មានទីពឹងរូបនេះក៏បាន បញ្ជាក់ជាថ្មី ពីរឿងរូបគេកំពុងសុំថៅកែចិនធ្វើការជាកម្មកររោងចក្រ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត សន្សំទុកសម្រាប់ព្យាបាលរបួសថា គ្រោះថ្នាក់លើសង្វៀនលើកទីមួយនេះ រូបគេមិនទទួលបានការជួយថ្លៃព្យាបាលអាចមើលរបួសបានជាទេ គឺទទួលបានប្រាក់ត្រឹមតែចំនួន១០ ដុល្លារប៉ុណ្ណោះ ពីស្ថានីយដែលគេឡើងប្រកួត ដោយគេបានប្រាប់បន្ថែមថា លុយ១០ដុល្លារនោះ សម្រាប់ទិញថ្នាំ៥ដុល្លារ និង៥ដុល្លារទៀត សម្រាប់ថតមើលរបួស។
យោងតាមរូបភាពដែលកំពុងជួបការលំបាកខ្លាំងរបស់កីឡាករ ម៉ាលី អូប៉ ដែលគ្មានស្ថាប័នពាក់ព័ន្ធណា ជួយឈឺឆ្អាល និងជួយដោះស្រាយទុក្ខលំបាកនេះដែរ កីឡាកររូបនេះក៏បានលើកឡើងដែរថា ក្នុងគ្រានេះរូបគេនៅមានការរំពឹងតែពីបងប្អូនអ្នកស្នេហាគុនខ្មែរទេ ដែលអាចជួយសង្គ្រោះរូបគេឆ្លងផុតពីក្តីទីទាល់នេះបាន ដូច្នេះហើយសុំបងប្អូន និងមន្ទីរពេទ្យចិត្តធម៌មេត្តាជួយដល់ឱ្យកីឡករ កំព្រារូបនេះផង ដើម្បីឱ្យរូបគេជាពីរបួស អាចវិលមកចាប់អាជីពប្រដាល់ឡើងវិញ សម្រាប់រួមចំណែកលើកស្ទួយវិស័យកីឡាករ ចិញ្ចឹមជីវិតបាន៕
សូមបញ្ចេញមតិនៅទីនេះ