Aston Villa តែងតាំង Unai Emery ជាអ្នកចាត់ការថ្មី ក្រោយបណ្ដេញ Gerrard
ក្លិប Aston Villa បានតែងតាំងលោក Unai Emery ជាអ្នកចាត់ការថ្មីរបស់ខ្លួន បន្ទាប់ពីបណ្ដេញលោក Steven Gerrard ចេញពីតំណែងកាលពីពេលថ្មីៗកន្លងទៅ។
Emery អតីតអ្នកចាត់ការរបស់ Arsenal ដែលកំពុងដឹកនាំក្លិបនៅប្រទេសអេស្ប៉ាញ Villarreal នឹងមកដឹកនាំ Villa នៅថ្ងៃទី១ ខែវិច្ឆិកាឆាប់ៗនេះ។ Villa បានចំណាយទឹកប្រាក់៥,២លានផោនទៅកាន់ Villarreal ដើម្បីនាំយកបុរសវ័យ៥០ឆ្នាំមកដឹកនាំក្រុមរបស់ខ្លួន។
គ្រូបណ្ដោះអាសន្ន Aaron Danks នឹងដឹកនាំ Villa ម្ដងទៀតដែលជាប្រកួតទីពីររបស់ខ្លួនក្នុងជំនួបជាមួយ Newcastle ក្នុងសប្ដាហ៍នេះ បន្ទាប់ពីលោក Gerrard ត្រូវបានបញ្ចប់តួនាទីកាលពីសប្ដាហ៍មុនតាមរយៈការចាញ់ Fulham ៣-០។
លោក Emery បានចូលដឹកនាំ Villarreal កាលពីឆ្នាំ២០២០ ដោយជួយពួកគេឈ្នះពាន Europa League ក្នុងរដូវកាល២០២០-២១ ក្រោយយកឈ្នះ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្លិបក៏បានឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន ប៉ុន្តែចាញ់ Liverpool សរុបទាំងពីរជើង ៥-២៕
សូមបញ្ចេញមតិនៅទីនេះ