ក្រោយដាក់គោលដៅវិលវិញ កែវ រំចង់ អាចធ្វើឱ្យកក្រើក ក្នុងប្រភេទកីឡាករទម្ងន់យក្ស
កែវ រំចង់ បាននិយាយថា រូបគេនឹងចូលរួមប្រកួតកីឡាជាតិ លើកទី៣ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លើប្រភេទវិញ្ញាសា Kickboxing ក្នុងប្រភេទទម្ងន់៨១គីឡូក្រាម។ បើស្ដាប់តាមសម្ដីរបស់អតីតតោកំណាចមកពីបាត់ដំបងនិយាយមកកាន់ Lee News កីឡាកររូបនេះហាក់មានចេតនាចង់ជាប់ជម្រើសជាតិកម្ពុជា ដើម្បីមានឱកាសបានប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ព័ត៌មានដែលឃើញ កែវ រំចង់ ងាកមកប្រលូកវិស័យប្រដាល់វិញបានធ្វើឲ្យមហាជនហាក់អារម្មណ៍ភ្ញាក់ផ្អើល ព្រោះតែកីឡាកររូបនេះបានព្យួរហ្គង់ឈប់វ៉ៃមួយរយៈ ពេលធំមកហើយ រហូតបណ្ដោយខ្លួនឲ្យឡើងទម្ងន់ដល់ទៅជិត៩០គីឡូក្រាម។ ស្រាប់តែមួយរយៈពេលខ្លីនេះត្រូវបានគេដឹងថា កែវ រំចង់ នឹងចូលរួមប្រកួតកីឡាជាតិ ក្នុងប្រភេទវិញ្ញាសា Kickboxing ។
ក្រុមការងាររបស់ Lee News បានសួរថា តើការចូលរួមប្រកួតកីឡាជាតិលើកទី៣នេះ ជាការបោះជំហាន ដើម្បីបានជាប់ជម្រើសជាតិកម្ពុជា ឬយ៉ាងណា ហើយបើសិនជាឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់នេះ? សំណួរនេះត្រូវបាន កែវ រំចង់ ឆ្លើយតបមកថា «បាទបងខ្ញុំគិតបែបហ្នឹង មួយទៀតបើសិនខ្ញុំបានជាប់ជម្រើសជាតិ ហើយប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣មែននោះខ្ញុំប្ដេជ្ញាថា នឹងយកមេដាយមាសឲ្យបាន ដើម្បីជូនជាតិ»។
កីឡាករដដែលបន្ថែមថា រូបលោកបានដើរច្រើនប្រទេស ហើយបានសិក្សាច្រើនពីវិញ្ញាសា Kickboxing នេះ ដែលធ្វើឲ្យលោកយល់បានច្បាស់ និងដឹងថា វាមានភាពងាយស្រួលជាងការវ៉ៃគុនខ្មែរ។ ដោយផ្អែកលើចំណុចខាងលើនេះហើយ ទើបលោកជឿថា ប្រសិនបើលោកបានក្លាយជាកីឡាករជម្រើសជាតិ ដែលប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងទទួលបានលទ្ធផលល្អ៕
សូមបញ្ចេញមតិនៅទីនេះ