ទ្រាំបានយូរមែន ទាល់តែកូនស្រី១៨ឆ្នាំ ទើបតារាសម្តែង សឿន ផាភួង ដាច់ចិត្តទម្លាយអត្តសញ្ញាណអតីតស្វាមី
កម្សាន្ត៖ទោះមានវ័យទើប ៣៥ឆ្នាំក៏ពិតមែន តែតារាសម្តែង សឿន ផាភួង មានកូនប្រុសស្រីពីរនាក់ទន្ទឹមខ្លួនទៅហើយ ប៉ុន្តែយ៉ាងណា នាងមិនដែលបង្ហាញពីអត្តសញ្ញាណឪពុករបស់កូនៗទាំងពីរនាក់នេះឡើយ ។ ទើបតែពេលនេះ ខណៈកូនត្រូវត្រៀមធ្វើខួបគម្រប់អាយុ១៨ឆ្នាំ ទើបតារាសម្តែង សឿន ផាភួង ដាច់ចិត្តបង្ហើបអត្តសញ្ញាណអតីតប្តី ។
ធ្មេចបើកៗកូនស្រី សឿន ផាភួង ដែលត្រូវគេស្គាល់ជាតារាសម្តែងវ័យក្មេងរូបស្រស់ អាង សុជាតា មានវ័យ១៨ឆ្នាំ ហើយនាងក៏នឹងគ្រោងរៀបចំពិធីខួបកំណើតកូនស្រីនៅក្នុងថ្ងៃទី ០២ខាងមុខនេះនៅភោជនីយដ្ឋានឡាក់គីប្រាយ ស្ថិតនៅលើផ្លូវ ៥៩៨ ។ ជួបជាមួយ Lee News តាមរយៈទូរស័ព្ទ សឿន ផាភួង បានប្រាប់ថា«ពេលនេះកូនស្រីខ្ញុំ អាង សុជាតា មានអាយុ ១៨ឆ្នាំហើយ ហើយខ្ញុំក៏រៀបចំធ្វើខួបកំណើតឱ្យកូន ដោយបានអញ្ជើញភ្ញៀវជាមិត្តភក្តិ ក្នុងនិងក្រៅសិល្បៈចំនួន ៧០តុ ដើម្បីចូលរួមពិធីខួបនេះ ពោលគឺហៅត្រួសៗផង ប្រសិនបើហៅទាំងអស់អាចច្រើនជាងនេះទៀត។ សម្រាប់ថ្លៃចំណាយផ្សេងៗនៅក្នុងពិធីអស់ប្រមាណជាបីម៉ឺនដុល្លារ » ។
ក្នុងនោះដែរ សឿន ផាភួង បានប្រាប់ថា កន្លងមកនាងធ្លាប់ធ្វើខួបកំណើតឱ្យកូនស្រីជាលក្ខណៈអធិកអធម ដោយអញ្ជើញភ្ញៀវត្រឹម ៤០តុ និង ៦០តុ ប៉ុណ្ណាះ ប៉ុន្តែសម្រាប់គម្រប់អាយុ ១៨ឆ្នាំនេះនាងបានអញ្ជើញភ្ញៀវដល់ទៅ ៧០តុ ឯណោះ ។ តារាស្រីរូបនេះ ក៏បានរំពឹងថា មិត្តភក្តិទាំងអស់នឹងចូលរួមផ្តល់កិត្តិយសនៅក្នុងពិធីខួបកំណើតកូនស្រីរបស់ខ្លួនយ៉ាងអធិកអធម ។
មកដល់ពេលនេះទើជាតារាសម្តែង សឿន ផាភួង មានកូនៗកម្លោះក្រមុំទៅហើយក្តី ប៉ុន្តែតារាសម្តែងវ័យ ៣៥ឆ្នាំរូបនេះមិនដែលទម្លាយមុខមាត់ពិតប្រាកដឪពុកកូនៗរបស់នាងជាសាធារណៈឡើយ ហើយនេះជាលើកដំបូងដែល សឿន ផាភួង បានទម្លាយពីប្រវត្តិខ្លះៗ របស់អតីតស្វាមីប្រាប់មហាជនតាមរយៈLee News ថា «សព្វថ្ងៃគាត់ ដែលជាឪពុក អាង សុជាតា រស់នៅក្រៅប្រទេស តែគាត់ឧស្សាហ៍ចេញចូលស្រុកខ្មែរញឹកញាប់ ។ និយាយទៅទោះពួកយើងបែកគ្នា តែគាត់និងខ្ញុំនៅតែរាប់អានគ្នាធ្មតា ដោយសារពួកយើងក៏ជាប់សាច់ឈាមជាបងប្អូនជីដូនមួយ ផងដែរ»។ មួយវិញទៀត សឿន ផាភួង បានប្រាប់បន្ថែមថា ឪពុក របស់ អាង សុជាតា នៅតែផ្តល់ជាប្រាក់កាសដល់ កូនជាធម្មតា ប៉ុន្តែនាងមិនបានដឹងថា សព្វថ្ងៃអតីតស្វាមីមានភរិយាថ្មី ឬនៅនោះទេ ព្រោះមិនដែលបានសួរនាំពីរឿងមួយនេះ ។
ងាកមក សឿន ផាភួង ឯណេះវិញបើទោះទទួលស្គាល់ថា មានបុរសជាច្រើនសុំស្រឡាញ់ក្តី តែនាងប្រាប់ថា «ខ្ញុំចង់ទុករឿងស្នេហាមួយឡែក អ្វីដែលសំខាន់គឺកូន ។ ណាមួយខ្ញុំមានអារម្មណ៍ថា ខ្មាស់កូនៗពេលយើងរៀបការ»។ សឿន ផាភួង ត្រូវបានគេចាត់ទុកជាសិល្បការិនី ដែលមានហាងឆេងខ្ពស់មិនចាញ់ តារាក្មេងៗប៉ុន្មានឡើយដោយនាងប្រាប់ថាសព្វថ្ងៃទទួលការងារច្រើនមិនថាការថតរឿងភាគ រឿងដុំ ឬស្ប៉តពាណិជ្ជកម្មឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ