ស្មាត់កម្ពស់ជាង២ម៉ែត្រ ពិន សារុន៖«បើសិនរបួសថ្ងៃមុន ធ្វើឲ្យខានលេងស៊ីហ្គេម ២០២៣ មិនដឹងស្ដាយប៉ុនណាទេ»
កាលពីពេលថ្មីនេះ ស្មាត់កម្ពស់ ២,០១ម៉ែត្រ របស់កម្ពុជា ពិន សារុន បានរងរបួសគ្រេចប្រអប់ជើងធ្ងន់ធ្ងរ អំឡុងប្រកួតមិត្តភាព ទល់យុវជនក្រោម ២១ឆ្នាំ របស់ជម្រើសជាតិ គុយបា។ ក្រោយរងរបួសនេះលោក ត្រូវបានពិនិត្យយ៉ាងចិត្តទុកដាក់ដោយគ្រូពេទ្យ ហើយត្រូវបានសន្មត់ថា ស្មាត់ប្រចាំប្រទេសរូបនេះ មានរបួសដែលត្រូវការសម្រាកមួយរយៈពេលខ្លី តែប៉ុណ្ណោះ។
កីឡាករមានដើមកំណើតមកពីខេត្តតាកែវរូបនេះ បានឆ្លើយថា៖ «បើមិនបានលេងពេលស៊ីហ្គេមវិញ ខ្ញុំមិនដឹងថា ស្ដាយកម្រិតណានោះទេ ព្រោះអី ខ្ញុំចាត់ទុកការប្រកួតនេះ សំខាន់ជាងការប្រកួតព្រឹត្តិការណ៍ណាៗ ទាំងអស់។ ព្រោះថាយើងជាម្ចាស់ផ្ទះ ហើយសំខាន់ណាស់ យើងចង់ប្រជែងយកមេដាយមាស ពិសេសហ្នឹង គឺខ្ញុំធ្លាប់ស្រមៃថា ចង់លេងនៅក្នុងព្រឹត្តិការណ៍ហ្នឹង ក្នុងផ្ទះយើងផង»។
កីឡាករកម្ពស់ ២,០១ ម៉ែត្រ បានបន្ថែមថា របួសនេះ គ្រូពេទ្យពិនិត្យហើយថា គ្រាន់តែសម្រាកមួយរយៈពេលខ្លីប៉ុណ្ណោះ អាចថា យ៉ាងយូរត្រឹម២ខែអី អាចចូលហាត់វិញបាន។ មែនទែនទៅ ពេលនេះ រូបគេហាក់បានធូរស្រាលមកវិញខ្លះៗហើយ ខណៈដែលស៊ីហ្កេម ឆ្នាំ២០២៣ សារុន ហាក់មានរយៈពេលគ្រប់គ្រាន់ ក្នុងការបង្វឹកខ្លួនក្រោយពេលជាពីរបួស ដើម្បីត្រៀមព្រឹត្តិការណ៍នោះឲ្យបានល្អ។
គួររម្លឹកថា ពិន សារុន ជាកូនសោមួយដ៏សំខាន់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងការឆ្ពោះទៅរកការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ កីឡាកររូបនេះ ក៏ជាស្មាត់ដ៏សំខាន់ កាលឆ្នាំ២០២២ ស៊ីហ្គេមនៅវៀតណាម ដែលជាចំណែកមួយក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ