អង្គារ , 01 វិច្ឆិកា 2022
ក្រោយយុទ្ធនាការ “រត់ភ្នំពេញសៀមរាប” រៃលុយជួយពេទ្យកុមារអង្គរ សាយ ត្រូវពេទ្យព្រមានឱ្យឈប់ភ្លាមៗ
កម្សាន្ត៖ កម្មវិធី «រត់ជាមួយ សាយ ៤ សែនជំហាន» ដែលបង្កើតឡើងដោយតារាចម្រៀង សាយ បានបញ្ចប់ហើយដោយបានប្រមូលថវិកាបានជាង៦ ម៉ឺនដុល្លារ ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីខាងលើនេះ សាយ បានរត់ពីភ្នំពេញទៅខេត្តសៀមរាបដោយបានចំណាយពេល៩ថ្ងៃ ទោះជាយ៉ាងណា នេះជាកម្មវិធីចុងក្រោយដូចគ្នាសម្រាប់ សាយ ព្រោះគ្រូពេទ្យបានណែ នាំលោកកុំឱ្យរត់ឆ្ងាយតទៅទៀត អាចនឹងជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោក អ៊ួន បឋម ហៅ សាយ គឺជាសិល្បករមួយរូបដែលលះបង់កម្លាំងកាយ ចិត្ត បង្កើតកម្មវិធីរត់ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជននានា ជួយមន្ទីរពេទ្យសង្រ្គោះ កុមារ។ ការលះបង់របស់ សាយ បានធ្វើឱ្យសិល្បករ សិល្បការិនី មហាជន សម្តែងមោទនកភាពចំពោះ សាយ ដែលតែងបង្កើតយុទ្ធនាការ ជួយសង្គមជាតិ។
តួយ៉ាងកាលពីពេលថ្មីៗនេះ សាយ ក៏បានបញ្ចប់យុទ្ធនាការ «រត់ជាមួយ សាយ ៤ សែនជំហាន» ដែលបានរត់ចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប ចំណាយពេល ៩ថ្ងៃនិងទទួលបានថវិកា ៦៦ ៤៧០ ដុល្លារ ប៉ុន្តែសម្រាប់បងប្អូនមហាជន ដែលចង់បរិច្ចាគដល់ មន្ទីរពេទ្យកុមារអង្គរនៅតែអាចបរិច្ចាគបានដូចគ្នា។
ទន្ទឹមនឹងការបញ្ចប់យុទ្ធនាការ ខាងលើ សាយ ក៏បានប្រាប់មហាជនថា កម្មវិធីខាងលើ នេះកម្មវិធីចុងក្រោយសម្រាប់លោក ដែលរត់ចម្ងាយព្រោះគ្រូពេទ្យបានណែនាំឱ្យលោកឈប់រត់បន្តទៀត។ សាយ បានរៀបរាប់ថា «បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំអោយខ្ញុំឈប់រត់ឆ្ងាយលើសពី 10 គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU»។
គួររម្លឹកដែរថា នេះមិនមែនជាលើកទី១ទេ ដែល សាយ បានបង្កើតកម្មវិធីរត់ ដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យដែលខ្វះខាតថវិកា ដើម្បីផ្ដល់សេវាព្យាបាលជំងឺដល់កុមារ កាលពីឆ្នាំ ២០២០ សាយ បានរៀបចំកម្មវិធីរត់រយៈពេល ៩៧ ថ្ងៃ ជុំវិញប្រទេសកម្ពុជា និងរៃអង្គាសប្រាក់បានចំនួន ៥០ ម៉ឺនដុល្លារ ៕
សូមបញ្ចេញមតិនៅទីនេះ