អង្គារ , 01 វិច្ឆិកា 2022
បែកស្វាមីក្មេងភ្លាម អតីតតារាសម្តែង ម៉ៅ សុចាន់ធី ត្រូវម្ចាស់ផលិតកម្មមួយណែនាំដៃគូថ្មីភ្លែត
កម្សាន្ត៖ គ្រាន់តែបែកពីស្វាមីក្មេងលោក រ៉ាម៉ូ មិនបានប៉ុន្មានផងអតីតតារាសម្តែង ម៉ៅ សុចាន់ធី បាននិយាយថា មានម្ចាស់ផលិតកម្មមួយ បានណែនាំមនុស្សប្រុសម្នាក់ឱ្យ ស្គាល់ តែត្រូវបានអ្នកស្រីប្រាប់ថា ខ្លាចហើយសុខចិត្តរស់នៅម្នាក់ឯង ព្រោះហត់ចិត្តណាស់ ។
គេចាំបានថាមិនមែនជាលើកដំបូងទេ ជាញយដងហើយដែលអតីតតារាសម្តែង ដែលកំពុងរស់នៅសហរដ្ឋអាមេរិកអ្នកស្រី ម៉ៅ សុចាន់ធី ធ្លាប់ខកស្នេហ៍មិនសមបំណងជាមួយបុរសដែលរស់នៅស្រុកខ្មែរជាច្រើនដង ។ អ្វីដែលធ្វើឱ្យអ្នកស្រីឆ្អែតចិត្តខ្លាំងបំផុតគឺស្វាមីក្មេងលោក រ៉ាម៉ូ រហូតអ្នកស្រីសម្រេចកាត់ផ្តាច់មនោសញ្ចេតនាជាប្តីប្រពន្ធដោយមិនស្រណោះក្រោយរៀបការជាមួយគ្នាកាលពីឆ្នាំ ២០១៨ ។
ស្រាប់តែថ្មីៗនេះរឿងដែលគួរឱ្យកត់សម្គាល់ថ្មីបានកើតមានបន្តទៀត ដោយគ្រាន់តែបែកពីលោក រ៉ាម៉ូ ជាអតីតស្វាមីមិនបានប៉ុន្មានផង អ្នកស្រី ម៉ៅ សុចាន់ធី បាននិយាយប្រាប់Lee News តាមសារអេឡិចត្រូនិចថា «ក្រោយបែកគ្នាជាមួយស្វាមីមកក៏មានអ្នកសុំស្រឡាញ់ជាហូរហែ ហើយក៏មានម្ចាស់ផលិតកម្មនៅស្រុកខ្មែរមួយ បានណែនាំដៃគូថ្មីឱ្យខ្ញុំដែរ តែខ្ញុំខ្លាចហើយលែងចង់រវីរវល់ទៀតដែរព្រោះហត់ចិត្តណាស់សុខចិត្តរស់នៅម្នាក់ឯងវិញ»។
ដោយសារធ្លាប់ខកចិត្តជាមួយបុរសដែលរស់នៅស្រុកខ្មែរជាបន្តបន្ទាប់ធ្វើឱ្យអ្នកស្រី ម៉ៅ សុចាន់ធី ហាក់មានអារម្មណ៍រាងចាលចំពោះមនុស្សប្រុសជាពិសេសអ្នករស់នៅស្រុកខ្មែរតែម្តង ។ អតីតតារាសម្តែងរូបនេះលើកឡើងចំៗថា«មនុស្សស្រុកខ្មែរមួយចំនួនតូចជាប្រុសចោលម្សៀតគិតតែពីសប្បាយខ្ញុំពិតជារាងចាលហើយ»។
អ្នកស្រី ម៉ៅ សុចាន់ធី ជាអតីតតារាសម្តែងដែលមានប្រជាប្រិយភាពនិងរូបសម្រស់ផូរផង់កាលពីជិត ២០ឆ្នាំមុន តែសព្វថ្ងៃអ្នកស្រីកំពុង រស់នៅសហរដ្ឋអាមេរិកនឹងជាអ្នកធ្វើការងារធម្មតា ។ ជារឿយៗអ្នកស្រីតែងឡាយរៀប រាប់ពីជីវិតឯកជនដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គមដែលកាន់តែធ្វើឱ្យទំនាក់ទំនងរវាងអ្នកស្រីនិងអ្នកគាំទ្រនៅតែមានភាពស្និទ្ធស្នាលបើទោះអ្នកស្រីផ្តាច់ខ្លួនពីការសម្តែងជាច្រើនឆ្នាំក្តី ៕
សូមបញ្ចេញមតិនៅទីនេះ