ពុធ , 02 វិច្ឆិកា 2022
មុនប៉ះគ្នាជើងខ្លាំង ថៃ ក្រុងចក្រ បោះពាក្យថា នឹងផ្ដល់ថ្នាំខ្លាំងដល់ រឿង សោភ័ណ្ឌ
ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាមឆ្លងដែនមកពីប្រទេស ថៃ ក្រុងចក្រ បានបោះពាក្យថា ចង់ផ្ដល់ថ្នាំខ្លាំងដល់ រឿង សោភ័ណ្ឌ ដែលការលើកឡើងបែបនេះបន្ទាប់ពីគេដឹងថា កីឡាករមាឌល្អិតចិត្តធំរបស់កម្ពុជាមិនងាយមានដៃគូផ្ដួលឲ្យសន្លប់ឬ បោះបង់ការប្រកួតលើសង្វៀនងាយៗឡើយ។
ជើងខ្លាំងមិនដែលស្គាល់ពាក្យថាចាញ់នៅលើទឹកដីខ្មែរខាងលើបានប្រាប់មកកាន់ Lee News យ៉ាងខ្លីថា « ...ការប្រកួតលើកនេះខ្ញុំចង់ផ្ដួល រឿង សោភ័ណ្ឌ ឲ្យសន្លប់ស្គាល់រស់ជាតិសន្លប់ម្ដង »។ ជាមួយគ្នានោះអ្នកលេងកណ្ដាប់ដៃរបស់កម្ពុជា រឿង សោភ័ណ្ឌ វិញ ក៏បាននិយាយទាក់ទងការប្រកួតខាងលើដែរថា ហាក់មានការបារម្ភច្រើន ព្រោះមួយរយៈនេះខ្លួនបានតាមដានមើល ការប្រកួតរបស់ ក្រុងចក្រ ហាក់ទទួលបានលទ្ធផលល្អ ពិសេសនោះក្នុងប្រភេទទម្ងន់នេះខ្លាចាស់របស់ថៃបានយកឈ្នះកីឡាករជួរមុខរបស់កម្ពុជាដូចជាឈ្នះ ធន់ រិទ្ធី និងស្មើ ធឿន ធារ៉ា ជាដើម។
ចំណុចមួយទៀត រឿង សោភ័ណ្ឌ គិតថាខ្លួនមួយរយៈនេះហាក់មិនសូវជាធ្វើបានល្អ ទើបកើតក្ដីបារម្ភច្រើនបែបនេះ។ សម្រាប់រូបគេ និងក្រុងចក្រនេះដែរ ក៏ធ្លាប់ប៉ះគ្នាម្ដងដែរ ដែលកាលនោះគឺបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
គួររម្លឹកថា ជំនួបរវាងអ្នកទាំងពីរខាងលើនឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសង្វៀន TVK Fighter របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក ដែលការប្រកួតចាប់ពីម៉ោង៤រសៀលតទៅ៕
សូមបញ្ចេញមតិនៅទីនេះ