ពុធ , 02 វិច្ឆិកា 2022
ម៉ូលីកា បញ្ជាក់គ្រោះថ្នាក់ឡាន BMW ធ្វើឱ្យឈឺពេញខ្លួន តែដំណោះស្រាយនៅអាថ៌កំបាំង ខណៈមហាជនសង្ស័យនាងមានជាតិស្រវឹង…
កម្សាន្ត៖ កាលពីយប់មិញនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដ៏ភ្ញាក់ផ្អើលមួយ ដោយរថយន្តស៊េរីទំនើប BMW ដែលបើកបរដោយអ្នកនាង ម៉ូលីកា ជាអ្នកលក់អនឡាញ ល្បីឈ្មោះ និងជាមេតុងទីបានបើកបំពាន ភ្លើងស្តុប ក្នុងល្បឿនលឿន បុកប៉ះម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុករថយន្ត ហាយលែនឌ័រ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរចរាណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវបំបែក ជាបួន ស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកនាង ម៉ូលីកា អតីតតារាចម្រៀងមួយរូប និងជាមេតុងទីន ហើយក៏ជាអ្នកលក់ អនឡាញ ដ៏ល្បីឈ្មោះបានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពីម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី២ វិច្ឆិកា នាងបានបង្កគ្រោះ ថ្នាក់ចរាចរណ៍មួយ ដោយបានបើករថយន្តស៊េរីBMW ទើបតែទិញមកថ្មីៗ ក្នុងតម្លៃជាង៨ម៉ឺនដុល្លារ
បានបើកបរក្នុងល្បឿនលឿនបំពានភ្លើងស្តុប បុកប៉ះម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុករថយន្ត ហាយលែនឌ័រ ខូចខាតយ៉ាងដំណំ។
តាមកាមេរ៉ាសុវត្ថិភាព និងអ្នកនៅកន្លែងកើតហេតុនោះបានប្រាប់សារព័ត៌មានថា អ្នកបើកបរជាមនុស្សស្រី ហើយបានបើកយ៉ាងលឿននិងមិនគោរពច្បាប់ចរាចរណ៍ទើបបណ្តាល ឱ្យមានគ្រោះថ្នាក់នេះកើតឡើង។
យ៉ាងណាមិញ តាមការបង្ហោះរបស់អ្នកនាង ម៉ូលីកា កាលពីព្រឹកនៅថ្ងៃទី២ ខែវិច្ឆិកា នេះអ្នកនាងក៏បានសារភាពថា នាងពិតជាបើករថយន្ត BMW គ្រោះថ្នាក់ចរាចរណ៍នេះពិតមែនដោយបានរៀបរាប់ថា «យប់មិញខ្ញុំជិះម្នាក់ឯង ប៉ះដៃឆ្វេងតិច លូវឈឺពេញខ្លួនម៉ង»។
គ្រោះថ្នាក់ចរាចរណ៍នេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គម លើកឡើងថា មានរថយន្តទំនើបជិះ ប៉ុន្តែមិនចេះច្បាប់ និងគោរពច្បាប់ចរាចរណ៍ បើកបរហួសប្រមាណនាំឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ។ រីឯអ្នកខ្លះទៀតក៏ស្តាយជំនួសម្ចាស់រថយន្តទើបតែទិញឡានថ្មីបែរជាខូចខាតយ៉ាងដំណំ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយអ្នកនាង ម៉ូលីកា មិនបានប៉ះពាល់អាយុជីវិតនោះទេ ដោយខូចខាតរថយន្តទាំងសងខាង។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី២ វិច្ឆិកា នេះ ដំណោះស្រាយតាមផ្លូវច្បាប់ ឬក្រៅផ្លូវច្បាប់នោះ មិនទាន់ត្រូវបានជនបង្ករ និងជនរងគ្រោះ ឬសមត្ថកិច្ចជំនាញ ចេញមុខបញ្ជាក់នៅឡើយ ។ ហេតុការណ៍ក៏ត្រូវបានមតិមួយចំនួនវិភាគថា បើតាមវីដេអូ និងល្បឿនរថយន្តបើកយ៉ាងលឿន ក្នុងតំបន់ទីប្រជុំជន និងស្តប់បែបនេះ អ្នកបើកបរអាចនឹងមានជាតិស្រវឹងក្នុងខ្លួន ទើបបំពានមិនគោរពច្បាប់ចរាចរណ៍បែបនេះ។ តែទោះយ៉ាងណា ការវាយតម្លៃក្រៅផ្លូវការនេះ សាមីខ្លួន និងមន្រ្តីជំនាញមិនទាន់ចេញមកបញ្ជាក់ច្បាស់នៅឡើយ៕
សូមបញ្ចេញមតិនៅទីនេះ