អបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ពិភពលោក ក្រោយឈ្នះកីឡាការិនីអេស្ប៉ាញវគ្គផ្ដាច់ព្រ័ត្រ
វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship 2022 នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បន្ទាប់ពីឈ្នះ កីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរាត្រីថ្ងៃពុធនេះ។
មុនទទួលបានមេដាយមាស ខាន់ ចេសា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី១ ដែលប្រើពេលត្រឹមតែ ២នាទី និង២៣វិនាទីប៉ុណ្ណោះ ហើយបន្តយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Sharaim Maitha ដែលបោះបង់ការប្រកួតក្នុងជុំទី៣ មុនឈ្នះកីឡាការិនី អ៊ីស្រាអ៊ែល Aronov Pnina ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជា រំពឹងខ្ពស់ក្នុងការឈ្នះមេដាយមាសស៊ីហ្គេម SEA Games លើកទី៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ខកចិត្តនៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាល ថ្លឹងទម្ងន់៕
សូមបញ្ចេញមតិនៅទីនេះ