សុក្រ , 04 វិច្ឆិកា 2022
ខណៈបទរ៉េប វណ្ណដា និង ជី ដេវីត កំពុងឡើងខ្លាំង ស្រាប់តែឧកញ៉ា ព្រាប សុវត្ថិ ចេញបទ hip hop ដែរ ក្រោយស្ងាត់មួយរយៈ
កម្សាន្ត៖ វិស័យ hip hop នៅប្រទេសកម្ពុជាកាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេស ដោយជនបរទេសចាប់ផ្តើម ស្គាល់តាមរយៈបទ វណ្ណដា មានចំណងជើងថា « Time To Rise»។ ដូច្នេះហើយទើបថ្មីៗនេះ តារាចម្រៀងជាច្រើនចាប់ផ្តើមងាកមកចាប់អារម្មណ៍ទីផ្សារចម្រៀងប្រទេភនេះ សូម្បីឧកញ៉ា ព្រាប សុវត្ថិ ក៏បានទម្លាក់បទបែបចង្វាក់ hip hop ផងដែរ ខណៈបទចម្រៀងរសជាតិដដែលៗរបស់លោកចុងក្រោយនេះហាក់មិនទាញយកបានការគាំទ្រខ្លាំង។
ជឿជាក់ថា មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ជ្រាបមកហើយថា មួយរយៈ ចុងក្រោយនេះ បទចម្រៀងចង្វាក់បែប hip hop ហាក់ស្ទុះងើបខ្លាំង សូម្បីតារាចម្រៀង ENO ក៏បានទម្លាក់បទចង្វាក់បែបនេះផងដែរ បន្ទាប់ពីមហាជនទទូចចង់ស្តាប់ចម្រៀងរបស់លោក ច្រៀងបែបរ៉េបវិញម្តង។
មិនត្រឹមតែលោក ENO ងាកមកធ្វើបទដែលកំពុងពេញនិយមពីសំណាក់ យុវវ័យតែប៉ុណ្ណោះទេ សូម្បីឧកញ៉ា ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀង ប្រចាំផលិតកម្ម កាឡាក់ស៊ី ក៏បានទម្លាកបទចង្វាក់បែប hip hop ដូចគ្នា ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមួយរយៈចុងក្រោយនេះបទរសជាតិចាស់ៗ ឧកញ៉ា ព្រាប សុវត្ថិ មិនមានបទថ្មីណាទម្លុះទីផ្សារឱ្យកក្រើកឡើយ ហេតុដួច្នេះហើយទើបលោកដាច់ចិត្តងាកមកចាប់ស្តាយបទចម្រៀង hip hop ថ្មី ដែលគេដឹងថា ជាឆ្លាំងបាយរបស់លោក វណ្ណដា និងលោក ជី ដេវីត ដែលកំពុងផ្ទុះការគាំទ្រ។
ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា « The Legend» កាលពីថ្ងៃទី២ ខែវិច្ឆិកា ដោយក្នុងបទចម្រៀងនោះបានរៀបរាប់ពីជីវិតតស៊ូរបស់លោកលើវិថីសិល្បៈ ខំសាងកេរ្តិ៍ឈ្មោះរហូត ដល់បច្ចុប្បន្ន ហើយបទរបស់លោកនៅតែជាទីចាប់អារម្មណ៍របស់មហាជនគ្រប់ស្រទាប់ឱ្យតែលឺបទលោក ស្គាល់ម្ចាស់សំឡេង ហើយលោកក៏អាចបកស្រាយ បទចម្រៀងបានគ្រប់បែបបទ មិនថាមនោសញ្ចេតនា, ប្រពៃណី, រ៉េប , rock ឬបទបែបស្នេហាស្រុកស្រែ លោកអាចបកស្រាយបានទាំងអស់។
ការបញ្ចេញបទចង្វាក់បែប hip hop របស់ឧកញ៉ា ព្រាប សុវត្ថិ ក៏ធ្វើឱ្យអ្នកលេង បណ្តាញសង្គមបានបញ្ចេញមតិព្រោងព្រាត ថាលោកគឺជាតារាចម្រៀង តែមួយ គត់ដែលមានភាពល្បីមិនចេះសាបរលាបទោះបីមានកូនទន្ទឹមខ្លួន និងមានតារាចម្រៀងជាច្រើននាក់លោកនៅតែជាតារាជួរមុខប្រចាំប្រទេសកម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ