ទីម័រខាងកើត ឬ ប្រ៊ុយណេ មកបំពេញកៅអីពូល A ជាមួយកម្ពុជា នៅពាន AFF Mitsubishi Electric Cup 2022
ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ។
ខណ:ក្រុមជម្រើសជាតិទីម័រខាងកើត និងព្រុយណេ ត្រូវប្រកួតជម្រុះចំនួន២ជើង ដោយជើងទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា នៅកីឡដ្ឋាន Hassanal Bolkiah និងជើងទី២ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកីឡដ្ឋាន National Stadium ហើយដែលឈ្នះ នឹងឡើងទៅកាន់ពូល A ដែលមានកម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងរង់ចាំ។
ចំពោះការចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ បានរកឃើញក្រុមជាសមាជិកស្ថិតក្នុង២ពូលផ្សេងគ្នាមានដូចជា៖
ពូល A៖, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា និងក្រុមទីម័រខាងកើត ឬ ប្រុយណេ
ពូល B៖វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ។
លោក Mario Rivera បញ្ជាក់ថាកីឡាករព្រុយណេ តាំងចិត្តខ្ពស់ និងមានស្មារតីប្រកួតប្រជែងណាស់ ដើម្បីបានទៅវគ្គបន្ទាប់ក្នុងព្រឹត្តិការណ៍ នេះ។ ម្យ៉ាងវិញទៀត កីឡាករព្រុយណេ ដូចជាមានសង្ឃឹមខ្លាំងណាស់ ក្នុងការយកជ័យជំនះលើទីម័រខាងកើត ព្រោះកីឡាករទាំងនោះ បានត្រៀមខ្លួនរូចស្រេច។ មិនត្រឹមតែការប្រកួតជម្រុះយកកៅអីក្នុងពូលទេ ប៉ុន្ដែពួកគេ ត្រៀមសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍នេះ តែម្ដង។
«យើង បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតជម្រុះ។ ខ្ញុំជឿថា ជាមួយការតាំងចិត្ត និងស្មារតីប្រកួតរបស់កីឡាករ យើងសង្ឃឹមថា នឹងទទួលបានកៅអីសម្រាប់យើងនៅក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup»។
ខណ:លោក R. Gopalkrishnan គ្រូបង្វឹកជម្រើសជាតិទីម័រខាងកើត ដែលទើបតែងតាំងជំនួសលោក Fabio Maciel បានបញ្ជាក់ថា កូនក្រុមខ្លួន មិនមានសម្ពាធទេ បើទោះជាការប្រកួត ក្នុងទឹកដីរបស់ព្រុយណេក៏ដោយ។ គ្រូបង្វឹករូបនេះ និយាយដូច្នេះថា៖«គ្មានសម្ពាធអ្វីទាំងអស់សម្រាប់ក្រុម ក្នុងវគ្គជម្រុះនេះ យើងគ្រាន់តែដឹងថា កីឡាករ ត្រូវធ្វើឲ្យបានល្អបំផុតក្នុង ការប្រកួត។ នេះ គឺជាអ្វីដែលពួកគេត្រូវធ្វើដើម្បីក្រុម»។
ខាងក្រោមនេះគឺជាលទ្ធផល២លើកចុងក្រោយរវាងក្រុមទាំង២៖
-៩ កញ្ញា ២០១៨ ព្រុយណេ ១-០ ទីម័រខាងកើត ពានរង្វាន់ AFF Mitsubishi Electric Cup
-១ កញ្ញា ២០១៨ ទីម័រខាងកើត ៣-១ ព្រុយណេ ពានរង្វាន់ AFF Mitsubishi Electric Cup៕
សូមបញ្ចេញមតិនៅទីនេះ