វង្ស ណយ ក្ដៅស្លឹកត្រចៀកតបលោក សួង បញ្ញា ថាសតិមិនគ្រប់ និងស្នើលោក តែម ម៉ឺន បកស្រាយរឿងអនុញ្ញាតឲ្យបើកក្លិបប្រដាល់
អតីតអ្នកលេងកែង វង្ស ណយ ក្ដៅស្លឹកត្រចៀកបានចេញមុខឡាយវីដេអូដៀលលោក សួង បញ្ញា គ្រូបង្វឹកក្លិបអភិរក្សគុនខ្មែរថា មានសតិមិនគ្រប់ និងបានស្នើដល់ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរបកស្រាយហេតុអ្វីបានជាអនុញ្ញាតឱ្យមនុស្សធន់នេះបើកក្លិបប្រដាល់បាន។
ជុំវិញការខឹងសម្បារ និងចេញមុខឡាយ វីដេអូ បែបនេះ បន្ទាប់ពីលោក សួង បញ្ញា បញ្ចេញទស្សនៈ ជុំវិញរឿងអតីតកីឡាករ វង្ស ណយ បង្កហិង្សាលើផ្លូវសាធារណៈ ដោយលោកបានគិតថា វាជាទង្វើមិនល្អ ដែលវាអាចជះឥទ្ធិពលមិនល្អដល់អ្នកប្រដាល់ស្រករក្រោយ ឬក្មេងៗជាដើម។
ក្នុងវីដេអូនោះត្រូវបានគេមើលឃើញថា វង្ស ណយ បានប៉ះទង្គិចគ្នាជាមួយបុរសជិះម៉ូតូធំម្នាក់នៅលើផ្លូវវែងស្រែង រហូតមានការវាយតប់គ្នានៅលើផ្លូវ ហើយរឿងនោះដែរ ក៏ត្រូវបានគេសង្ស័យថា ជារូបភាពនេះជាវីដេអូសម្ដែង។ ទោះយ៉ាងណាក្រោយការបញ្ចេញទស្សនៈរបស់លោក សួង បញ្ញា មិនបានប៉ុន្មានផង ពេលនេះអតីតអ្នកលេងកែងបានចេញមុខឡាយនិយាយថា « ខ្ញុំបាទ វង្ស ណយ សូមគោរពសួរទៅកាន់ឯកឧត្ដម តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាគុនខ្មែរថា ខ្ញុំបាទ វង្ស ណយ មានចម្ងល់ចង់សួរទៅកាន់លោកថា តើហេតុផលយ៉ាងណាទើបលោកឲ្យលោក សួង បញ្ញា បើកក្លិបប្រដាល់ និងជាគ្រូនៅក្លិបអភិរក្សគុនខ្មែរ ខ្ញុំឃើញវីដេអូកន្លងទៅលោកតែងតែមានអកប្បកិរិយាមិនល្អ សម្ដីដូចជាអសីលធម៌ មើលទៅដូចជាសតិមិនគ្រប់តែម្ដង។ គាត់តែងនិយាយមើលងាយកីឡាកររៀមច្បង ដូចជាខ្ញុំបាទផ្ទាល់ សូមលោកមេត្តាបកស្រាយឲ្យខ្ញុំបាទផ្ទាល់ និង Fan Fan អ្នកស្រលាញ់ខ្មែរ តើលោកគិតយ៉ាងម៉េចទើបអនុញ្ញាតឲ្យមនុស្សបែបនេះមកធ្វើការសូមលោកមេត្តាបកស្រាយ»។
ជាមួយគ្នានោះលោក សួង បញ្ញា បានប្រាប់មកកាន់ Lee News យើងភ្លាមៗថា «អត់អីទេបង! គេធ្វើអីធ្វើទៅ។ ខ្ញុំអត់ខឹងគុំគួនអ្នកណាទេ។ និយាយទៅជាការបញ្ចេញមតិរបស់ខ្ញុំទេ អានិយាយលើកមុនហ្នឹង វាអត់មានចែងថាខុសច្បាប់អីផង ព្រោះការបញ្ចេញមតិរបស់ខ្ញុំក្នុងចេតនាល្អ។ ខ្ញុំអត់ខ្លាចទេបាទ ពួកហ្នឹងចង់ធ្វើអីក៏ខ្ញុំអត់ខ្លាចទេបាទ ខ្ញុំដឹងប្រវត្តិពួកហ្នឹងច្បាស់ គេធ្វើអីក៏ខ្ញុំដឹងដែរបង»។
ជុំវិញរឿងក្តៅនេះ មិនដឹងថា លោក តែម ម៉ឺន ចេញមុខនិយាយ ឬអត់នោះទេ ហើយបញ្ហាវិវាទពាក្យសម្តីរវាង វង្ស ណយ និង លោក សួង បញ្ហា នេះក៏មិនទាន់ដឹងថា វាវិវឌ្ឍទៅជាយ៉ាងណាទៀតនោះទេ ព្រោះភាគីលោក សួង បញ្ញានិយាយថា លោកនិយាយក្នុងន័យអប់រំល្អ ប៉ុន្តែភាគី វង្ស ណយ ហាក់កើតទុក្ខមិនសុខចិត្ត នឹងយល់ថា ការនិយាយរបស់គ្រូប្រដាល់ខាងលើហាក់ប៉ះពាល់កេរ្តិ៍ឈ្មោះខ្លួនទៅវិញ៕
សូមបញ្ចេញមតិនៅទីនេះ