អ្នកផ្គូផ្គងគូប្រដាល់ ពន្យល់មូលហេតុមិនដាក់កីឡាករជម្រើសជាតិឲ្យប្រកួតនៅទូរទស្សន៍ បាយ័ន ខណៈសង្វៀនទី៧ផុសឡើងសប្ដាហ៍ទី១
លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងគូប្រកួតប្រដាល់នៅសង្វៀនបាយ័ន ពន្យល់មូលហេតុមិនយកកីឡាករជម្រើសជាតិគុនខ្មែរមកប្រកួតនៅសង្វៀនរបស់ខ្លួន ខណៈសង្វៀនទី៧ « អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ » បានលេចមុខឡើងសប្ដាហ៍ទី១កាលពីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១ រសៀលតទៅ។
« ចេតនារបស់ខ្ញុំគឺចង់ទុកឱកាសឲ្យកីឡាករជម្រើសជាតិយើងគាត់បានហ្វឹកហាត់ពេញលេញក្នុងជំរុំហ្វឹកហាត់ ព្រោះថា ការប្រកួតនៅទីនេះគឺត្រូវប្រកួតឲ្យអស់សមត្ថភាព ហើយខ្ញុំគិតថាមកដល់ពេលនេះវាកៀកនឹងស៊ីហ្គេមនៅកម្ពុជាយើងទៅហើយ។ ដូច្នេះបើសិនជាខ្ញុំយកពួកគាត់មកប្រកួត ឡូតែមានបញ្ហាធ្ងន់ធ្ងរខ្លាចវាប៉ះពាល់ដល់ប្រយោជន៍ធំគឺស៊ីហ្គេមយើងតែម្ដង។ ទើបខ្ញុំសម្រេចថា មិនយកកីឡាករជម្រើសជាតិយើងមកប្រកួតនៅទីនេះទេ គឺទុកឲ្យថ្នាក់ដឹកនាំសហព័ន្ធឯកឧត្ដម តែម ម៉ឺន លោកគ្រប់គ្រងចុះ»។ នេះជាការលើឡើងរបស់លោក នាង ស៊ីវុត្ថា បានរៀបរាប់ក្នុងកម្មវិធីសន្និសីទកាសែត « អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ » ។
លោកបន្ថែមថា ទាក់ទងការបង្កើតកម្មវិធីបន្ថែមទៀត បាយ័ន ក៏មានគម្រោងក្នុងការបន្ថែមដែរ ពោលគឺបច្ចុប្បន្នមានក្រុមហ៊ុនមួយកំពុងទាក់ទងចង់បានមួយសង្វៀនទៀតដែរ ដែលប្រសិនបើបង្កើតទៀតនោះនៅបាយ័ននឹងមាន៨សង្វៀន។ យ៉ាងណាស្ថានីយក៏មិនទាន់សម្រេចថា នឹងបង្កើតបានទៀតឬអត់ទេ ព្រោះថាបច្ចុប្បន្នម៉ោងសម្រាប់ការផ្សាយនៅលើស្ថានីយទូរទស្សន៍គឺមានភាពពេញលេញទៅហើយ ដូច្នេះមានតែរង់ចាំការសម្រេចជាចុងក្រោយថា ត្រូវជ្រើសរើសម៉ោងណា ដើម្បីបង្កើត ឬក៏មិនបង្កើតតែម្ដង។
ទន្ទឹមនឹងនោះដែរទាក់ទងការពង្រីកសង្វៀនបាយ័ន ស្ទឹងមានជ័យវិញ ប្រិយមិត្តអ្នកស្នេហាគុនខ្មែរពិតជាបានដឹងហើយថា សង្វៀនបាយ័នស្ទឹងមានជ័យ តែងខ្វះកៅអីសម្រាប់អ្នកចូលទស្សនាផ្ទាល់ ព្រោះថាពេញៗសង្វៀនតែម្ដងរៀងរាល់សប្ដាហ៍។ ប្រសិនបើសួរថា តើពេលណាស្ថានីយគិតចង់ពង្រីកកន្លែងអង្គុយនោះគឺលោកមិនហ៊ានឆ្លើយឡើយ ព្រោះថាចំណុចនេះវាហួសដែលសមត្ថកិច្ចរបស់លោក។ យា៉ងណាលោកក៏ជឿថា ប្រិយមិត្តអ្នកស្នេហាគុនខ្មែរ ពិសេសអ្នកធ្លាប់មកទស្សនាផ្ទាល់ ដែលរកកន្លែងអង្គុយមិនបានសូមមេត្តាអធ្យាស្រ័យ ព្រោះកន្លងមកស្ថានីយក៏បានដោះស្រាយដូចជាដាក់ផ្ទាំង LED ខ្នាតយក្សនៅខាងក្រៅស្ថានីយជូនបងប្អូនអ្នកទស្សនាផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ