គ្រូបង្វឹកអេស្ប៉ាញ ចេញមុខបកស្រាយ ក្រោយមានការរិះគន់ រឿងមិនយក Ramos និង Thiago ទៅលេង World Cup 2022
(បាល់ទាត់)៖ គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានអះអាងថា លោកបានជ្រើសរើសកីឡាករ ដែលមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីឈ្នះការប្រកួត World Cup ដោយមិនកោះហៅកីឡាករជើងចាស់ Thiago Alcantara និង Sergio Ramos ដែលធ្វើឲ្យអ្នកគាំទ្រមានការខឹងសម្បារ។
ក្រុមជើងឯក World Cup 2010 នឹងគ្មានកីឡាករ ដែលមានសមត្ថភាពបំផុតគ្រប់ពេលរបស់ពួកគេគឺ Ramos ទោះបីជារូបគេមានភាពលេចធ្លោជាមួយ PSG នៅរដូវកាលនេះ។ ជាមួយគ្នានេះ Thiago ដែលជាកីឡាករដ៏សំខាន់នៅតំបន់កណ្តាលរបស់ Liverpool ក្នុងរដូវកាលនេះ ត្រូវបានមើលរំលង ដោយលោក Luis Enrique ដោយលោកជ្រើសរើសកីឡាករវ័យក្មេង Gavi និង Pedri របស់ Barcelona ជំនួស។
ជុំវិញបញ្ហានេះ អតីតគ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona Luis Enrique បាននិយាយថា៖« ខ្ញុំដឹងថា វាជាការខកចិត្តមួយ។ ពួកគេសមនឹងមានឈ្មោះក្នុងបញ្ជីទៅលេង World Cup 2022 ប៉ុន្តែជាអកុសល់មានតែ 26 នាក់ប៉ុណ្ណោះ ដែលអាចស្ថិតក្នុងក្រុម»។
មែនទែនទៅ អ្នកចាត់ការខាងលើនេះ មានការរិះគន់ជាច្រើនដងមកហើយ រឿងជ្រើសរើសកីឡាករនេះ។ ជាក់ស្ដែងកាលពី Euro 2020 លោកត្រូវបានអ្នកគាំទ្ររិះគន់ថា មានការលំអៀង ដោយជ្រើសរើសកីឡាករពីក្លិបផ្សេងៗ ពិសេសអតីតក្លិបដែលលោកដឹកនាំដូចជា Barcelona ជាដើម ហើយស្ទើតែគ្មានកីឡាកររបស់ក្លិបបាល់ទាត់ Real Madrid ដែលជាអតីតក្លិបគូរប្រជែង ទោះបីជាក្លិបសម្បូរទៅដោយកីឡាករខ្លាំងៗ និងមានបទពិសោធន៍៕
សូមបញ្ចេញមតិនៅទីនេះ