ដួង វីរៈសិទ្ធ ហោះទៅច្រៀងនៅអាម៉េរិក ដើម្បីរៃអង្គាសប្រាក់ជួយពលរដ្ឋក្រីក្រ
កម្សាន្ត៖ តារាចម្រៀង ដួង វីរៈសិទ្ធ បានបង្ហាញអារម្មណ៍សប្បាយចិត្តនិងរីករាយជាខ្លាំង បន្ទាប់ពីលោកទទួលបានកិត្តិយសច្រៀង និងសម្តែងក្នុងកម្មពិធីជប់លៀងជូនដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចលោកក៏បង្ហោះសារលាអ្នកគាំទ្រកម្ពុជាហោះទៅប្រទេសអាម៉េរិក ដើម្បីច្រៀងប្រមូលថវិកាជួយដល់អង្គការ Cambodian Health Professionals Association of America ដែលជាអង្គការមួយតែងតែចុះមកជួយព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រលំបាកដោយមិនគិតកម្រៃ ។
រាល់បទចម្រៀងមនោសញ្ចេតនារបស់លោក ដួង វីរៈសិទ្ធ តែងតែធ្វើឱ្យអ្នកស្តាប់ អន្លុង អន្លោច ទៅតាមបទចម្រៀងរបស់លោក ពីព្រោះទឹកដមសំនៀងតារាចម្រៀងត្រកូលអ្នកសិល្បៈរូបនេះពិតជាមានសំឡេងពីរោះរណ្តំណាស់។
តួយ៉ាងកាលពីពេលថ្មីៗនេះ លោក ដួង វីរៈសិទ្ធ ទទួលបានកិត្តិយសពិសេសចូលរួមសម្ដែង ក្នុងកម្មវិធីសិល្បៈ និង ចម្រៀង ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈទទួលស្វាគមន៍ រៀបចំពិធីជប់លៀងជូនដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកថ្មីៗនេះ។
បន្ទាប់ពីបំពេញបេសកម្មនេះរួច លោក ដួង វីរៈសិទ្ធ បានបង្ហោះសារលាអ្នកគាំទ្រកម្ពុជាមួយរយៈដើម្បីធ្វើដំណើរទៅសហរដ្ឋអាម៉េរិក។
ម្ចាស់បទ «ខូចចិត្តច្រើនដង» ខាងលើនេះបានរៀបរាប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា « ជួបគ្នាឆាប់ៗសហរដ្ឋអាមេរិកSee you United State… ថ្ងៃនេះខ្ញុំបាទសូមឃ្លាតពុកម៉ែបងប្អូនមួយរយៈទៅសហរដ្ឋអាម៉េរិកដើម្បីច្រៀងប្រមូលថវិការជួយដល់អង្គការ Cambodian Health Professionals Association of America ដែលជា អង្គការ ដែលតែងតែចុះមកជួយព្យាបាលជំងឺប្រជាពលរដ្ឋ ខ្មែរដែលមានជីវភាពក្រីក្រលំបាក ជារៀងរាល់ឆ្នាំ» លោកបន្តទៀតថា «កន្លងមកអង្គការនេះធ្លាប់បានជួយព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរបានជាសះស្បើយ ជាង៦០០០០នាក់ដោយមិនមានគិតប្រាក់កម្រៃឡើយ សូមអរគុណ...»។
ក្រោយពីបង្ហោះសារខាងលើនេះហើយ លោក ដួង វីរៈសិទ្ធ ត្រូវមហាជន និងមិត្តរួមអាជីពសិល្បៈ កោតសរសើរយ៉ាងខ្លាំងចំពោះអំពើសប្បុរសធម៌របស់លោក នឹងបានជូនពរឱ្យលោកសុខសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/5345892898870849/
សូមបញ្ចេញមតិនៅទីនេះ