Ronaldo និយាយទាំងឈឺចាប់ ទំនងជាចែកផ្លូវជាមួយ Man United បន្ទាប់ពីចប់ World Cup ២០២២
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo និយាយថា ក្លឹបរបស់ខ្លួនបានក្បត់ និងបានគេបង្ខំឱ្យរូបគេចាកចេញ ពីទឹកដី Old Trafford។ នេះបើយោងតាមអ្នកការសែតដ៏ល្បីរបស់ពិភពលោក Fabrizio Romano។
ជាការពិតណាស់ Ronaldo បានត្រឡប់មកកាន់ទ្រនំចាស់ម្តងទៀត ក្នុងខែសីហា ឆ្នាំ ២០២១ ពីក្លិបសេះបង្កង់ Juventus ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ដោយត្រលប់មកកាន់ក្លឹប ដែលខ្លួនបានឈ្នះពានរង្វាន់ធំៗ ចំនួន ៨ កាលពីក្នុងអំឡុងឆ្នាំ 2003-2009។
នៅក្នុងបទសម្ភាសន៍ជាមួយ Piers Morgan សម្រាប់ទូរទស្សន៍ TalkTV ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ Ronaldo ត្រូវបានសួរថា តើ Man United កំពុងព្យាយាមឲ្យលោកចាកចេញពីក្លឹបមែនដែរ ឬទេ? ភ្លាមនោះ Ronaldo បានឆ្លើយដោយមិនលាក់លាមថា៖«បាទ! មិនត្រឹមតែគ្រូបង្វឹក Ten Hag ប៉ុណ្ណោះទេ ក៏នៅមានមនុស្សពីរ ឬបីនាក់ទៀតនៅក្លឹបផងដែរ។ ខ្ញុំមានអារម្មណ៍ថា ត្រូវបានគេក្បត់ ហើយខ្ញុំមានអារម្មណ៍ថា មានមនុស្សមួយចំនួនមិនចង់ឱ្យខ្ញុំនៅទីនេះ មិនមែនតែឆ្នាំនេះ ប៉ុណ្ណោះទេ គឺតាំងពីឆ្នាំមុនមកម្លេះ»។
ម្ចាស់ពាន Ballon D’or ៥ សម័យកាល រូបនេះ បានសង្កត់ធ្ងន់ទៅលើអ្នកចាត់ការទូទៅលោក Ten Hag ថា៖ « ខ្ញុំមិនមានការគោរព ចំពោះ Erik ten Hag ទេ ព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ ប្រសិនបើអ្នកមិនមានការគោរពចំពោះខ្ញុំទេ ខ្ញុំនឹងមិនគោរពអ្នកដូចគ្នា»។
កីឡាករវ័យ៣៧ ឆ្នាំរូបនេះ បានបន្តថា៖« គ្មានអ្វីផ្លាស់ប្តូរទេ នៅទីនេះ ចាប់តាំងពីលោក Sir Alex Ferguson បានចាកចេញ។ នៅពេលដែលខ្ញុំសម្រេចចិត្តត្រលប់ទៅ Manchester United វិញ ខ្ញុំបានធ្វើតាមបេះដូងរបស់ខ្ញុំ។ ខ្ញុំស្រលាញ់ Man Utd, ខ្ញុំស្រលាញ់អ្នកគាំទ្រ, ពួកគេតែងតែនៅខាងខ្ញុំ
»៕
សូមបញ្ចេញមតិនៅទីនេះ