អង្គារ , 15 វិច្ឆិកា 2022
សង្ហា ដៃគូ វណ្ណដា លើកឡើងថា បើថ្ងៃក្រោយពួកគេមិនបានផ្ដល់ឱកាសឱ្យមនុស្ស ជំនាន់ក្រោយ អាចចាត់ទុកថាគេជាមនុស្សអាត្មានិយមបាន
កម្សាន្ត៖ ជុំវិញបែកធ្លាយបទចម្រៀងរបស់តារារ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រ សោក ស្តាយជាខ្លាំងព្រោះលោកបានប្រកាសជាសាធារណៈថា រាល់បទបែក ធ្លាយ ទាំងអស់សម្រេចចិត្តបោះបង់ចោល ខណៈលោកសង្ហា ដៃគូផលិតចម្រៀងរបស់ វណ្ណដា បានបញ្ចេញសារដើមហេតុនៃការបែកធ្លាយ ព្រមទាំងលើកឡើងថា ថ្ងៃក្រោយបើលោក និងវណ្ណដា មិនផ្តល់ឱកាសឱ្យមនុស្ស ជំនាន់ក្រោយ អាចចាប់ទុកថាគេជាមនុស្សអាត្មានិយមបាន។
ក្រោយពីបែកធ្លាយបទចម្រៀងម្តងជាពីរដង តារារ៉េប វណ្ណដា សម្រេចចិត្តបោះបង់ចោលទាំងអស់រាល់បទដែលបានបែកធ្លាយលើបណ្តាញសង្គមដោយអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងដូចមនុស្សកំពុងបាក់ទឹកចិត្តដែលធ្វើឱ្យមហាជនសោកស្តាយនឹងព្រួយបារម្ភផ្លូវចិត្តរបស់ វណ្ណដា យ៉ាងខ្លាំងព្រោះត្រូវគេក្បត់ម្តងហើយម្តងទៀត។ បន្ទាប់ពីសម្រេចចិត្តបោះបង់ចម្រៀងដែលខ្លួនខំផលិតហើយ ដៃគូផលិតចម្រៀងមួយរូបគឺលោក សង្ហា បានសម្រេចចិត្តបង្ហោះសារជុំវិញដើមហេតុរឿងរ៉ាវដែលបានបែកធ្លាយ និងយល់ស្របតាមការលើកឡើងរបស់ វណ្ណដា មិនបន្តផលិតបទដែលបានបែកធ្លាយ។
តាមរយៈសាររបស់លោក សង្ហា នៅថ្ងៃទី១៥ ខែវិចិ្ឆកា នេះលោកបានរៀបរាប់ថា លោកបានរួមការងារជាមួយ វណ្ណដា តាំងពីឆ្នាំ២០១៦ រាប់តាំងពីបទ «ឈឺទេ» ហើយរាល់បទទាំងផ្លូវការ និងមិនទាន់ផ្លូវការទាំងអស់សុទ្ធតែលោកជាអ្នកគ្រប់គ្រង ។ សង្ហា បានឱ្យដឹងទៀតថា ដើមហេតុនៃការបែកបទចម្រៀងរបស់លោកវណ្ណដា គឺត្រូវបានគេលួចចំលងចេញពីកុំព្យូទ័រស្ទូឌីអូផ្ទាល់ខ្លួនរបស់លោក ពីក្មេងម្នាក់ដែលលោកបានផ្ដល់ឱកាស ឱ្យគាត់បាន ចូល Studio ដើម្បីផលិតបទផ្ទាល់ខ្លួន ដើម្បីមានឱកាសបានដុសខាត់ សមត្ថភាព ដោយបុគ្គលនោះមែនជាសមាជិតរបស់ពួកគេឡើយ តែរឿងនេះ សង្ហា និងក្រុមការងារ បានព្យាយាមលាក់ពត៌មាននេះ ពី វណ្ណដា ព្រោះមិនចង់ឱ្យ វណ្ណដា បែកអារម្មណ៍មិនអាចបំពេញ ភារកិច្ចដែលគាត់កំពុងផ្ដោតបាន ។
ការលើកឡើងពីបញ្ហានេះ សង្ហា ពោលយ៉ាងសោកស្តាយថាព្រោះតែផ្តល់ឱកាសដល់មនុស្សខុស ផ្តល់ទំនុកចិត្តគេខ្លាំងពេក ទើបមានរឿងនេះកើតឡើយ ព្រមទាំង ទទួលស្គាល់ដើមហេតុនៃការបែកធ្លាយថាព្រោះតែលោកធ្វេសប្រហែល ត្រូវបានគេលួចឯកសារនិងការងាររបស់លោក ហើយពេលនេះរាល់ការងារផ្សេងៗមិនស្ថិតក្រោមការថែរក្សារបស់លោកទៀតឡើយ។
បន្ថែមពីនេះ សង្ហា បានបញ្ជាក់យ៉ាងដូច្នេះថា លោកសូមទោសបើសិនជាថ្ងៃក្រោយ លោក និង វណ្ណដា មិនបានផ្ដល់ឱកាសអោយមនុស្សជំនាន់ក្រោយ ហើយអាចចាប់ទុកពួកគេជាមនុស្ស អាត្មានិយមបាន ចាប់ពីពេលនេះទៅពួកគេ សុំតែអភិវឌ្ឍតន្ត្រីបានហើយ រឿងអភិវឌ្ឍធនធាន គឺសូមចប់ត្រឹមនេះ។
លោក បន្តថា មិនមែនមកពីអស់ទំនុកចិត្តលើមនុស្សគ្រប់គ្នាទេ គឺពួកគេសូមសិទិ្ធការពារ ផ្លូវចិត្តដើម្បីរក្សាបាននូវជំហរឈរដ៏រឹងមាំក្នុងការផលិតស្នាដៃល្អ ៗ ដើម្បីបំពេញឱ្យបាន តាមតម្រូវការ និង ចក្ខុវិស័យរបស់សិល្បៈក្នុងប្រទេសយើងទាំងមូល៕
សូមបញ្ចេញមតិនៅទីនេះ