អស់ពីរឿងគេជះស្រាដាក់ ស្សាវរីយ៍ ត្រូវស្រ្តីម្នាក់ ហែកកេរ្តិ៍រឿងជំពាក់លុយ ៥០០ដុល្លារមិនសង ប៉ុន្តែលោកបានឆ្លើយតបដូច្នេះ…
កម្សាន្ត៖ ហាក់មានយីអ៊ុនដាក់តែម្តង ទើបតែត្រូវគេជះស្រាបៀរដាក់ខណៈខ្លួនកំពុងច្រៀង ស្រាប់តែពេលនេះតារាចម្រៀងលោក ស្សាវរីយ៍ ត្រូវនារីម្នាក់ឈ្មោះ ស្រីឡាង ជាអាជីវករនៅជម្ពូវ័ន ទម្លាយរឿងជំពាក់លុយ ៥០០ដុល្លារ ព្យាយាមគេចមិនព្រមសង ប៉ុន្តែរឿងនេះត្រូវបានលោក ស្សាវរីយ៍ បដិសេធថា លោកមិនបានជំពាក់លុយនរណាឡើយ។
ការជះស្រាបៀរទៅលើតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ស្សាវរីយ៍ ខណៈលោកកំពុងច្រៀងលើឆាកក្នុងពិធីមង្គលការមួយនៅខេត្តកំពង់ស្ពឺ បានធ្វើឱ្យមហាជន និងអ្នកសិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនគួរណាអ្នកសិល្បៈត្រូវជនមួយចំនួនមិនផ្តល់តម្លៃបែបនេះឡើយ។
ទន្ទឹមរឿងនេះកំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមនោះ ស្រាប់តែមានគណនីហ្វេកប៊ុកមួយឈ្មោះ Beben Love ចេញមកទម្លាយថា តារាចម្រៀងលោក ស្សាវរីយ៍ ជំពាក់លុយចំនួន៥០០ដុល្លារ មិនព្រមសង នឹងព្យាយាមគេចវេសមិនលើកទូរស័ព្ទ នឹងមិនឆ្លើយតបអ្វីទាំងអស់។
ជុំវិញរឿងជំពាក់លុយមិនព្រមសងនេះ តារាចម្រៀង ស្សាវរីយ៍ បានឆ្លើយតបមកកាន់ Lee News តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៥ ខែវិច្ឆិកា នេះថា លោកមិនចង់និយាយអ្វីច្រើនពីខាងអតីតក្រុមគ្រួសាររបស់លោកទេ ព្រោះរឿងនេះវាកន្លងផុតយូរមកហើយ ហើយលោកក៏បានបញ្ចប់ហើយដែរ តែគេមិនព្រមចប់នឹងមករញ៉េរញ៉ៃជាមួយលោករហូត។ លោកបន្តថា ព្រោះមិនចង់មានរឿងវែងឆ្ងាយទើបលោកមិនដែលតបតអ្វីទាំងអស់ ចំណែកឯរឿងជំពាក់លុយនោះ មិនមែនជារឿងពិតទេ លោកមិនបានខ្ចីលុយពីបុគ្គលដែលបានបង្ហោះឡើយ។
ជាមួយគ្នានេះដែរ ម្ចាស់គណនី Beben Love ដែលមានឈ្មោះពិតថា ស្រីឡាង បានឆ្លើយតបមកកាន់ Lee News តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៥ ខែវិច្ឆិកា នេះដូចគ្នាថា អ្វីដែលនាងបង្ហោះគឺជារឿងពិតដែលតារាចម្រៀង ស្សាវរីយ៍ ពិតជាបានខ្ចីលុយចំនួន៥០០ដុល្លារ ហើយតារាចម្រៀងរូបនេះតែងតែព្យាយាមគេចវេសមិនព្រមសងហើយរាល់ពេលទាក់ទងទៅតារាចម្រៀងរូបនេះមិនដែលឆ្លើយតបឡើយ។
ស្រ្តីវ័យ២៩ឆ្នាំជាអ្នកលក់ដូរនៅជម្ពូវ័នបន្តទៀតថា ទំហំទឹកប្រាក់ចំនួន៥០០ដុល្លារនេះមានរយៈ៥-៦ឆ្នាំមកហើយ ដោយលោក ស្សាវរីយ៍ បានខ្ចីលុយពីមីងខ្លួនឈ្មោះ ស្រីទូច អាយុ៣៤ឆ្នាំ ដើម្បីធ្វើជាទុនប្រលងក្នុងកម្មវិធី ពេជ្រកំពុងច្នៃ និងកម្មវិធីប្រលងផ្សេងទៀតដោយការខ្ចីលុយ៥០០ដុល្លារនេះមានការប្រាក់៥០ដុល្លារក្នុងមួយខែ។
អ្នកនាង ស្រីឡាង បានបន្តទៀតថា លុយដែលលោក ស្សាវរីយ៍ បានខ្ចីនោះគឺជាលុយរបស់នាងផ្ទាល់ ប៉ុន្តែបានប្រើឈ្មោះអ្នកស្រីទូច ត្រូវជាមីងរបស់នាងជាម្ចាស់លុយវិញ ដោយដំបូង ស្សាវរីយ៍ បានឱ្យការប្រាក់ តែក្រោមមកខ្ទង់ឆ្នាំ២០១៩ ស្រាប់តែ ទាក់ទងតារាចមម្រៀងខាងលើនេះមិនបាន ហើយខ្លួនបានព្យាយាមទាក់ទងតាមមធ្យោបាយផ្សេងៗប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។
ប្រភពខាងលើនេះបានសង្កត់ធ្ងន់ថា ដោយសារអតីតគ្រួសាររបស់លោក ស្សាវរីយ៍ ជាបងប្អូនជីដូនមួយគ្នាទើបការខ្ចីលុយនេះមិនបានធ្វើលិខិតស្នាមអ្វីឡើយ ប៉ុន្តែខ្លួនមានសាក្សីទាំងអស់ រួមទាំងអតីតគ្រួសាររបស់តារាចម្រៀងរបស់ ស្សាវរីយ៍ ផ្ទាល់ក៏បានដឹងរឿងនេះទាំងអស់ ប៉ុន្តែនាងគ្មានលទ្ធភាពសងជំនួសឡើយ ព្រោះត្រូវរកស៊ីចិញ្ចឹមកូន។ អ្នកនាងស្រីឡាង បានបន្ថែមថា អ្វីដែលខ្លួនបានបង្ហោះនេះគ្រាន់តែចង់ឱ្យ ស្សាវរីយ៍ សងលុយដើមចំនួន៥០០ដុល្លារប៉ុណ្ណោះ ហើយនាងនឹងឈប់ បង្ហោះអ្វីដែលជាប់ទាក់ទងនឹង ស្សាវរីយ៍ ទាំងអស់ ព្រោះទំហំទឹកប្រាក់នេះច្រើនសម្រាប់ខ្លួន។
ស្រ្តីខាងលើនេះបន្តទៀតថា អ្វីដែលខ្លួនបានលើកឡើងមិនមែនជារឿងចោទប្រកាន់ទៅលើតារាចម្រៀងលោក ស្សាវរីយ៍ ឡើយ បើសិនជាចង់ចេញមុខតទល់ជាមួយគ្នានាងមិនខ្លាចអ្វីទាំងអស់ ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/684294249791492/
សូមបញ្ចេញមតិនៅទីនេះ