ច័ន្ទ , 21 វិច្ឆិកា 2022
ព្រីន ទម្លាយរឿងមិននឹកស្មានដល់ធ្លាប់ត្រូវមិត្តរួមអាជីពសិល្បៈជិតស្និទ្ធ ថាមិនសមធ្វើជាតួកុន
កម្សាន្ត៖ តារាសម្តែង ព្រីន ដែលជាតារាប្រុសមួយរូបកំពុងមានឈ្មោះបោះសំឡេង ក្នុង អាជីពសិល្បៈដោយបានបង្ហាខ្លួនជាតួឯកប្រុសជាច្រើនរឿង បានទម្លាយ នៅក្នុង កម្មវិធីមួយថា ខ្លួនត្រូវមិត្តរួមអាជីពសិល្បៈជិតស្និទ្ធម្នាក់ មាក់ងាយចំមុខថា ព្រីន មិនអាចក្លាយជាតួកុនបានឡើយ គ្មានតួស្រីណាអាចថតជាមួយព្រោះតែកម្ពស់លោកទាប។
តួឯកប្រុសមួយរូបប្រចាំក្រុមហ៊ុន SastraFilm លោក ព្រីន បានបង្ហាញវត្តមាន ជាច្រើន ទាំងក្នុងរឿងភាគ និងរឿងអប់រំខ្លី ដែលលោកអាចសាងភាពល្បីល្បាញ មានទស្សនិកជនគាំទ្រជាច្រើនរយៈពេលចុងក្រោយមកនេះ ។ យ៉ាងណាទម្រាំអាចសាងភាពល្បីល្បាញលើអាជីពសិល្បៈក៏មិនមែនជារឿងងាយស្រួលឡើយសម្រាប់ ព្រីន ព្រោះ លោកសម្តែងតាំងពីតួរ៉ាយរង រហូតក្លាយជាតួឯក។
មិនត្រឹមតែប៉ុណ្ណោះ តាមការបញ្ជាក់របស់ ព្រីន នៅក្នុងកម្មវិធីកម្សាន្តមួយ តារាសម្តែងមានស្រុកកំណើតនៅខេត្តកណ្តាលខាងលើនេះបានទម្លាយថា
លោកត្រូវមិត្តរួមអាជីពសិល្បៈ Bully ថាលោកមានកម្ពស់ទាប និយាយប៉ារ៉ូលដូចតួកំប្លែង មិនអាចក្លាយជាតួកុនបានឡើយ គ្មានតួស្រីណាអាចថតជាមួយលោកបានឡើយ ហើយពាក្យសម្តីមិត្តជិតស្និទ្ធនិយាយចំមុខបែបនេះ លោកគ្មានអ្វីតបតទេក្រៅពីញញឹមហើយដើរចេញទាំងទឹកភ្នែកហូរ ហើយនេះក៏ជាអ្វីដែលធ្វើឱ្យលោករីកចម្រើនបានឆាប់រហ័សផងដែរ។
ទោះជាយ៉ាងណាពាក្យសម្តីនេះក៏ជំរុញលើកទឹកចិត្តលោកតស៊ូទៅមុខ មិនរាថយក្នុងអាជីពសិល្បៈ ។ ក្នុងនោះ ព្រីន បានបង្ហាញការជម្នះនឹងភាពលំបាកផ្សេងៗលើអាជីពសិល្បៈ ដោយលោកជិះម៉ូតូទៅថត ពេលខ្លះខ្វះសំលៀកបំពាក់ត្រូវគេស្តីឱ្យក៏មាន សម្តែងតាំងពីតួ Background តួ Extra រហូតអាចក្លាយជាតួឯកក្នុងរឿងខ្លីមួយ ជាពិសេសទទួលបានសិទ្ធិជាតួឯក ពេញលេញ ពេលឈានចូលក្នុងផលិតកម្ម SastraFilm ។
គួរបញ្ជាក់ថា ព្រីន បានចូលប្រឡូកក្នុងអាជីពសិល្បៈក្នុងឆ្នាំ២០១៧ ហើយចាប់ផ្តើមមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងរឿង មនុស្សសេរ៉ូ ជាតួអង្គឈ្មោះ ប៉ាវី បន្ទាប់មកលោកបានចាប់ដៃគូជាមួយតារាសម្តែង រចនា រ៉ាវ៉ាឌី ហើយអ្នកទាំងពីរផ្ទុះការគាំទ្រយ៉ាងខ្លាំងតាមរយៈរឿង «អ្នកឈ្នះ»៕
សូមបញ្ចេញមតិនៅទីនេះ