ធឿន ធារ៉ា បង្ហើបយុទ្ធសាស្ត្រវាយលើ Yurik ឲ្យសន្លប់នៅសង្វៀន ថៃហ្វៃ កាលពីយប់មិញ
ធឿន ធារ៉ា ធ្វើបានយ៉ាងល្អកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅលើទឹកដីថៃ ក្នុងការប្រកួតសង្វៀន ថៃហ្វៃ ដោយផ្ដួល Yurik ឲ្យសន្លប់ត្រឹមទឹកទី១ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ជុំទី១ នៃព្រឹត្តិការណ៍ដ៏ធំរបស់ថៃមួយនេះ។
ជ័យជម្នះរបស់ ធឿន ធារ៉ា លើ Yurik គឺជាក្ដីបំណងរបស់គេ ដើម្បីបានឡើងទៅជួប សៃយុគ ហើយក៏ជាដំណើរឆ្ពោះទៅរកការគ្រងខ្សែក្រវាត់ជាលើកទី១របស់គេផងដែរ។ នេះមានន័យថា ប្រសិនបើកីឡាករកម្ពុជាអាចយកឈ្នះ សៃយុគ នៅថ្ងៃផ្ដាច់ព្រ័ត្ររូបគេនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ជាលើកទី១ក្នុងអាជីពប្រដាល់ខ្លួន។
បើតាមការបង្ហើបក្នុងវីដេអូរបស់ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឲ្យដឹងថា ធារ៉ា ទទួលបានការចង្អុលបង្ហាញយុទ្ធសាស្ត្រពីគ្រូបង្វឹកយ៉ាងច្រើន ហើយចំណុចពិសេសនៃការប្រកួតខាងលើ ត្រូវបានកីឡាករមកពីខេត្តព្រៃវែងបាននិយាយថា « កីឡាករបរទេសម្នាក់ហ្នឹងលោកគ្រូ អេ គាត់បានមើលវីដេអូគេ ហើយគាត់ប្រាប់ខ្ញុំថា កីឡាករបរទេសម្នាក់នេះវាយមិនសូវចេះបិទមុខទេ ដូច្នេះលោកគ្រូប្រាប់ឲ្យលេងដៃឲ្យច្រើន។ ខ្ញុំចូលដំបូង ខ្ញុំគិតថា ចង់ស្ទាបស្ទង់គេសិនដែរ តែពេលចូលមកគេបុកមករកខ្ញុំមុនបង»។
គួររម្លឹកថា ការប្រកួតផ្ដាច់ព្រ័ត្ររវាង ធឿន ធារ៉ា និង សៃយុគ មិនទាន់មានព័ត៌មានច្បាស់ថា នឹងប្រកួតនៅថ្ងៃណានោះទេ គ្រាន់តែដឹងព័ត៌មានបឋមថា ជំនួបនេះនឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២២។ ប្រកួតនោះផងដែរគេនៅរង់ចាំមើលថា តើលោកគ្រូ អេ ភូថង នឹងមានយុទ្ធសាស្ត្រអ្វី ប្លែកទៀតទេ ដើម្បីឱ្យកូនសិស្សខ្លួនយកឈ្នះ សៃយុគ ជួយសិស្សរបស់ខ្លួនឲ្យគ្រងខ្សែក្រវាត់នេះបាន៕
សូមបញ្ចេញមតិនៅទីនេះ