ទីបំផុត អេលីត ចំរើន រកបានទ្រនំថ្មីថៅកែជាអ្នកមានទ្រព្យ ហើយ ក្លិប នោះ ត្រៀមនាំទៅអង្រួនសង្វៀនក្រៅស្រុក
កាលពីពេលថ្មីៗនេះគេបានលេចឮព័ត៌មានថា ម្ចាស់ខ្សែក្រវាត់៤គ្រឿង អេលីត ចំរើន បានវិលមកកាន់សង្វៀនជាថ្មី បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិបលោក ស៊ន អេលីត មួយរយៈខ្លី។ ស្រាប់តែពេលនេះមានប្រភពច្បាស់ការមួយបានទម្លាយថា ជើងខ្លាំងរបស់កម្ពុជាខាងលើរកបានទ្រនំថ្មីហើយ ខណៈមេធំរបស់ក្លិបនោះ ជាអ្នកមានទ្រព្យស្ដុកថែមទៀតផង។
ជុំវិញព័ត៌មានកីឡាករ អេលីត ចំរើន ចូលជ្រកក្រោមដំបូលទ្រនំថ្មី ដែលមានថៅកែជាអ្នកមានទ្រព្យនេះដែរ ក៏មានប្រភពសុំមិនបញ្ចេញឈ្មោះមួយបានប្រាប់មកកាន់ Lee News ថា ជើងខ្លាំងរបស់កម្ពុជារូបនេះបានសម្រេចចូលក្លិបថ្មីជាផ្លូវការហើយ គ្រាន់តែឈ្មោះក្លិបនេះប្រភពមួយនេះបញ្ជាក់ថា មិនទាន់ហ៊ានប្រាប់ឈ្មោះនៅឡើយទេ ប៉ុន្តែ រឿងនេះគឺផ្លូវការ១០០% ហើយ។
ប្រភពដដែលនេះបន្តថា ម្ចាស់ក្លិបថ្មីនេះ គឺបានចចារនាំយក អេលីត ចំរើន ពី ក្លិប ចាស់រួចរាល់ហើយ ប៉ុន្តែក្លិបថ្មីនេះកំពុងសាងសង់មិនទាន់រួចរាល់ទាំងស្រុងទេ ហើយមានទីតាំងស្ថិតនៅម្តុំកោះពេជ្រ និងមានមេធំជាថៅកែ កាស៊ីណូ អនឡាញ ល្បីឈ្មោះមួយផងដែរ ។ បណ្តាញច្បាស់ការខាងលើនេះបានបន្តថា តាមគម្រោងនៃការបង្កើតក្លិបថ្មីនេះ គឺមិនសូវផ្តោតលើការបង្កើតកីឡាករ ដើម្បីវ៉ៃនៅសង្វៀនក្នុងស្រុកប៉ុន្មានទេ គឺផ្តោតខ្លាំងការបណ្តុះកីឡាករ ចេញទៅវ៉ៃនៅក្រៅស្រុកតែម្តង។
ចំណែកការហ្វឹកហាត់នាពេលបច្ចុប្បន្នវិញ ប្រភពមួយនេះប្រាប់មកទៀតថា អេលីត ចំរើន ត្រូវរកក្លិបណាមួយ ដើម្បីឈរជើងហ្វឹកហាត់បណ្ដោះអាសន្នសិន ពោលត្រូវរង់ចាំការរៀបចំក្លិបថ្មីនោះឲ្យបានរួចរាល់ទាំងស្រុងសិន។
គួរបញ្ជាក់ដែរថា ទន្ទឹមនឹងកីឡាករ អេលីត ចំរើន ខកខានឡើងសង្វៀនប្រមាណជា៣ខែ គេឃើញប្រពន្ធកីឡាកររូបនេះបានយកកូនចូលមន្ទីរពេទ្យថែមទៀតផង ហើយនៅពេលគេសួរថា កូនឈឺអី? ប្រពន្ធរបស់ ចំរើន បានឆ្លើយថា ក្ដៅខ្លួនហើយកំពុងតែជួបការខ្វះខាតលុយសម្រាប់ព្យាបាល ព្រោះគ្រួសារគេដាច់ចំណូលមួយរយៈមកហើយ៕
សូមបញ្ចេញមតិនៅទីនេះ