ស្រាយចម្ងល់កីឡាករអាល្លឺម៉ង់យកដៃខ្ទប់មាត់ពេលថតរូបមុនប្រកួត
(បាល់ទាត់)៖ កីឡាកររបស់ជម្រើសជាតិអាល្លឺម៉ង់បានយកដៃខ្ទប់មាត់អំឡុងពេលថតរូបជាក្រុមមុនពេលប្រកួតបើកឆាកទល់នឹងជប៉ុនដើម្បីតវ៉ាជាមួយ FIFA។
កាយវិការបែបនេះកើតឡើង ក្រោយពេល FIFA ព្រមានកីឡាករដែលមានបំណងចង់ពាក់ស្លាកដៃដែលសរសេរអក្សរ “OneLove” អំឡុងពេលប្រកួតនៅប្រទេសកាតា។ ប្រធានក្រុមនៃជម្រើសជាតិចំនួន៧នៅតំបន់អឺរ៉ុបគ្រោងនឹងពាក់ស្លាកដៃខាងដើម្បីបង្ហាញពីការរួបរួមនិងប្រឆាំងការរើសអើងការស្រឡាញ់ភេទដូចគ្នា។
លោក Hansi Flick គ្រូរបស់ជម្រើសជាតិអាល្លឺម៉ង់បាននិយាយថា៖ “វាគឺជាសញ្ញាមួយ សារមួយដែលពួកយើងចង់ផ្ញើចេញទៅក្រៅ។ ពួកយើងចង់បង្ហាញសារថា FIFA កំពុងតែបិតមាត់របស់ពួកយើង។ ខ្ញុំគិតថាវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ដើម្បីបង្ហាញគ្រប់គ្នាថា ពួកយើងបានព្យាយាមគ្រប់ទីកន្លែងដែលយើងអាចធ្វើបាន”។
កាលពីយប់មិញ អាល្លឺម៉ង់បានប្រកួតចាញ់ជប៉ុនលទ្ធផល ១-២ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង។ មួយគ្រាប់របស់អាល្លឺម៉ង់ធ្វើបានដោយខ្សែបម្រើ Gundogan ខណៈ Ritsu Doan និង Takuma Asano ជាអ្នកទាត់បញ្ចូលទីឲ្យជប៉ុន៕
សូមបញ្ចេញមតិនៅទីនេះ