មូលហេតុច្បាស់ៗហេតុអីជំនួបអាល្លឺម៉ង់ ទល់ អេស្ប៉ាញ យប់មិញ អ្នកគាំទ្រនាំគ្នាកាន់រូប Ozil និងយកដៃបិទមាត់ អំឡុងពេលប្រកួត
កាលពីរាត្រីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២២ គេសង្កេតឃើញថា អ្នកគាំទ្រជាច្រើនក្នុងកីឡដ្ឋាន បានកាន់រូបភាព និងគំនូរព្រាងរបស់ខ្សែបម្រើឆ្នើមអាល្លឺម៉ង់ Mesut Ozil ខណៈពួកគេកំពុងបិទមាត់ ក្នុងអំឡុងពេលប្រកួត World Cup ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ។
មែនទែនទៅ សកម្មភាពនេះបានកើតឡើង បន្ទាប់ពីកីឡាករអាល្លឺម៉ង់ បានបិទមាត់របស់ពួកគេ ដោយសារការហាមឃាត់មិនឲ្យ ពាក់ស្លាកសញ្ញា OneLove នៅលើដៃ ដើម្បីគាំទ្រការស្រលាញ់ភេទដូចគ្នា ជាអ្វីដែលមិនបានអនុញ្ញាតនៅក្នុងប្រទេស កាតា ក្នុងនាមជាម្ចាស់ផ្ទះ។ ការបិទមាត់ និងការបង្ហាញរូបភាពនោះ តំណាងឱ្យអារម្មណ៍ថា «មិនអាចបញ្ចេញមតិ»។
ត្រលប់មកកាន់ Ozil វិញ រូបលោក មិនបានលេងឲ្យប្រទេសរបស់ខ្លួន ចាប់តាំងពីការប្រកួត World Cup 2018 ដោយបានប្រកាសពីការចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពីការធ្លាក់ចេញវគ្គនៅចែកពូលក្នុងប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍ World Cup កាលឆ្នាំ២០១៨។ យ៉ាងណា អាជីពជាកីឡាករជម្រើសជាតិអាល្លឺម៉ង់ របស់កីឡាករវ័យ 34 ឆ្នាំរូបនេះបានបញ្ចប់តាំងពីពេលនោះមក ដែលការបញ្ចប់នោះទៀតសោតកើតឡើងដោយភាពចម្រូងចម្រាស ក្រោយពេលរូបគេបានទៅជួបជាមួយប្រធានាធិបតី ទួរគី និយាយពីរឿងនយោបាយក្នុងប្រទេស អាល្លឺម៉ង់ របស់ខ្លួន។
មិនតែប៉ុណ្ណោះ Ozil ក៏បានជីកកកាយលើអតីតប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ លោក Reinhard Grindel ដោយនិយាយថា៖« អ្នកដែលមានប្រវត្តិរើសអើងជាតិសាសន៍ មិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើការនៅក្នុងសហព័ន្ធបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោកនោះទេ ពីព្រោះថានៅក្នុងក្រសែភ្នែករបស់ Grindel និងអ្នកគាំទ្ររបស់គាត់ ខ្ញុំជាជនជាតិអាឡឺម៉ង់ នៅពេលយើងឈ្នះ ប៉ុន្តែខ្ញុំជាជនអន្តោប្រវេសន៍ នៅពេលដែលយើងចាញ់»។
គួររម្លឹកថា កាលពីឆ្នាំមុន បន្ទាប់ពីចុះហត្ថលេខាឲ្យក្រុម ទួរគី Fenarbahce អតីតកីឡាករ Real Madrid រូបនេះ បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួនថា នឹងមិនលេងឱ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់ ម្ដងទៀតឡើយ ដោយនិយាយថា៖« ខ្ញុំសូមជូនពរឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់ ទទួលបានជោគជ័យ ប៉ុន្តែខ្ញុំនឹងមិនលេងឱ្យពួកគេទៀតទេ»៕
សូមបញ្ចេញមតិនៅទីនេះ