ច័ន្ទ , 28 វិច្ឆិកា 2022
សឿន ថៃសាន់ សម្រេចលាឈប់ពីគុនខ្មែរទាំងអាល័យក្រោយប្រលូក៩ឆ្នាំមិនសល់អី
ពាក្យថា អ្នកស្នងគុនខ្មែរកើតចេញពីគ្រួសារក្រខ្សត់នៅតែជារឿងពិតដែលមិនអាចប្រកែកបាន ព្រោះប្រិយមិត្តដឹងហើយថា ស្ទើរតែទាំងស្រុងនៃកីឡាករប្រដាល់ទាំងអស់ក្នុងស្រុកខ្មែរភាគច្រើនជាកូនអ្នកក្រគ្មានទ្រព្យ ហើយប្រសិនបើការប្រលូកប្រដាល់ ពេលឡើងវាយបានលុយមកយកទៅចំណាយច្រើន ហើយខ្លួនមិនសូវល្បីទៀតនោះពិតណាស់ពេលឈប់ទៅវិញ នឹងសល់តែបាតដៃទទេ ជាក់ស្ដែងដូច សឿន ថៃសាន់ ជាដើម។
សឿន ថៃសាន់ បានសម្រេចប្រកាសជាផ្លូវការដើរចេញពីគុនខ្មែរ ក្រោយប្រលូកប្រដាល់ចាប់ពីឆ្នាំ២០១៣ ដែលពេលចាប់ផ្ដើមនោះគេមានវ័យ១៣ឆ្នាំ ។ កាលនោះគេចាប់ផ្ដើមប្រលូកត្រឹមជាក្មេងដើរវាយតាមវត្តិតាមភូមិ ឬបុណ្យទានផ្សេងៗ។ ក្រោយមករហូតដល់ឆ្នាំ២០១៤ ក៏សម្រេចចូលហាត់នៅក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺ របស់លោក មាស សុខគ្រី ។ ចាប់តាំងពីវាយដំបូងៗរហូតដល់វ័យ២៦ សឿន ថៃសាន់ បានប្រាប់មកកាន់ Lee News ថា « គ្មានសល់អីទេបង កាលហ្នឹងខ្ញុំវ៉ៃបានចំណាយអស់ៗ ហើយយើងមិនសូវបានវ៉ៃញឹកញាប់ដូចគេ។ គ្រួសារយើងក្របង ដល់ចឹងពេលវាយបានយកលុយផ្ញើឲ្យម៉ែផង ចាយវាយខ្លួនឯងផង អស់ៗមួយខែគ្មានសល់អីទេ។ បើសរុបទៅតាំងពីវាយមកបើគិតជាលុយសល់វិញគឺសល់បានលុយយកទៅជួសជុលសំយ៉ាបផ្ទះប្រហែល១ពាន់ដុល្លារ និងចាក់ដីនៅស្រុកអស់ប្រហែល៣លានរៀលហ្នឹងបង »។
កីឡាករដែលមានប្រពន្ធ និងកូនប្រុសម្នាក់ខាងលើបានបន្ថែមថា « ខ្ញុំពិតជានៅស្រលាញ់ប្រដាល់ខ្លាំងមែនទែន តែមិនអាចបន្តបាន ដោយសារតែក្លិបមានការខ្វះខាតខ្លាំងអត់មានអ្នកកាន់ស៊ីបកាន់អីទេ។ មួយវិញទៀតក្លិបនៅឆ្ងាយរហូតដល់ក្បែរទីរួមខេត្តកំពង់ស្ពឺ ហើយប្រពន្ធខ្ញុំធ្វើការរោងចក្រនៅម្ដុំលូ៥ តែម្នាក់ឯង ខ្ញុំត្រូវទៅមកឆ្ងាយហើយបើទៅសម្រាកនៅក្លិបប្រពន្ធនៅម្នាក់ឯងដូច្នេះពិបាក ណាមួយសុំគ្រូប្ដូរក្លិបក៏មិនបានដូច្នេះមានតែឈប់ប៉ុណ្ណោះ ហើយស្វែងរកការងារធ្វើវិញ»។
គួររម្លឹកថា សឿន ថៃសាន់ កន្លងមកក៏ធ្លាប់សុំគ្រូប្ដូរក្លិបហាត់ដែរ តែត្រូវលោកគ្រូបញ្ឈរជើងមិនឲ្យឡើងប្រកួត១ខែ។ ខណៈបច្ចុប្បន្នកីឡាកររូបនេះកំពុងធ្វើការស៊ីឈ្នួលរៀបឥវ៉ាន់ឲ្យបងធម៌ ដើម្បីបានលុយចិញ្ចឹមជីវិត ខណៈប្រពន្ធត្រូវបានរោងចក្ររំសាយព្រោះតែអត់ការងារធ្វើ៕
សូមបញ្ចេញមតិនៅទីនេះ