ឯកឧត្តម សរ សិទ្ធិ ៖ កីឡាជាតិលើកទី៣ជាការវាស់ស្ទង់សមត្ថភាពកីឡាករ និងមន្ត្រីបច្ចេកទេសដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានចាត់ទុកថា ការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ឆ្នាំ២០២២នេះ គឺជាការវាស់ស្ទង់សមត្ថភាពកីឡាករ និងមន្រ្តីបច្ចេកទេសដ៏សំខាន់ក្នុងដំណើរ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ Cambodia 2023
នេះការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។
«ការប្រកួតកីឡាជាតិ ឆ្នាំ២០២២ គឺជាការធ្វើតេស្តសមត្ថភាព វាស់ស្ទង់គុណផលរបស់កីឡាករ កីឡាការិនីតាមប្រភេទកីឡានីមួយៗ ក្នុងការត្រៀមខ្លួនឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំរៀងរាល់២ឆ្នាំម្តងមួយនេះ។ ដូច្នេះ សូមកីឡាករ កីឡាការិនីទាំងអស់គ្នា ត្រូវបន្តការខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យបានរឹងមាំ ឆ្ពោះទៅដណ្តើមលទ្ធផលល្អជូនជាតិ នាស៊ីហ្គេម ឆ្នាំ២០២៣»។ នេះជាការលើកឡើងរបស់ ឯកឧត្តម សរ សិទ្ធិ ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ត្រីរៀបចំការប្រកួត និងប្រតិភូក្រសួង-រាជធានី-ខេត្ត កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាសូហ្វតិន្នីស ដោយបានខិតខំប្រកួតអស់ពីសមត្ថភាព ព្រមទាំងគោរពបាននូវបទបញ្ជាការប្រកួត ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងឆន្ទៈជួយជំរុញឲ្យព្រឹត្តិការណ៍នេះដំណើរការដោយរលូន និងជោគជ័យ នាពេលនេះ។
យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឲ្យដឹងថា ព្រឹត្តិ ការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលដំណើរការពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺប្រភេទកីឡាសូហ្វតិន្នីសបានដាក់ឲ្យក្រសួងរាជធានីខេត្តចូលរួមប្រកួតលើវិញ្ញាសាចំនួន៧ ក្នុងនោះក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមាស៦គ្រឿង និងសំរឹទ្ធ១។ ខេត្តត្បូងឃ្មុំឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានដាយមាស១ និងសំរឹទ្ធ២ ខណៈ៥ខេត្តនិងក្រសួងផ្សេងៗទៀតទទួលបានមេដាយប្រាក់ និងសំរឹទ្ធ និងឈរនៅលេខរៀងជាបន្តបន្ទាប់៕
សូមបញ្ចេញមតិនៅទីនេះ