អង្គារ , 29 វិច្ឆិកា 2022
គ្រងមកុដបានជាង១ឆ្នាំ ជា ចារ៉ានី មានឱកាសចេញទៅប្រកួតនៅប្រទេសជប៉ុន តំណាងប្រទេសកម្ពុជា
កម្សាន្ត៖ បវរកញ្ញាកម្ពុជា ជា ចារ៉ានី បានធ្វើដំណើរចេញទៅប្រកួតនៅលើទឹកដីជប៉ុនហើយ ដើម្បីប្រកួតក្នុងកម្មវិធី Miss International 2022 បន្ទាប់ពីគ្រងតំណែងជា Miss Cambodia 2021 បានជាងមួយឆ្នាំ។ មុនចេញទៅប្រកួតទៀតសោតបវរកញ្ញារូបនេះបានខិតខំហ្វឹកហាត់ការដើរយ៉ាងខ្លាំង ជាពិសេសព្យាយាមសិក្សាស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុនដែលធ្វើជាម្ចាស់ផ្ទះ ។
តាមរយៈផេកផ្លូវការ CIM បានឱ្យដឹងថាពេលនេះបវរកញ្ញាមួយរូបទៀតគឺ ជា ចារ៉ានី បានចេញទៅប្រកួតនៅលើទឹកដីប្រទេសជប៉ុនហើយកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជាតំណាងប្រទេសកម្ពុជាឈរលើឆាកអន្តរជាតិ។ ដោយការប្រកួតលើកនេះនាងត្រូវប្រកួតប្រជែងជាមួយបវរកញ្ញាចំនួន៦៥ ប្រទេសផ្សេងទៀតនៅក្នុងទីក្រុងត្យូក្យូ ប្រទេសជប៉ុន ខណៈថ្ងៃផ្តាច់ព័្រត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
ជាមួយគ្នានេះដែរ មុនចេញទៅប្រកួតនៅលើឆាកអន្តរ ជា ចារ៉ានី ធ្លាប់បានលើក ឡើងថានឹងនាំយកវត្ថុសំខាន់ជាច្រើនដូចជា ការបង្ហាញឈុតសម្លៀកបំពាក់ដែល ស័ក្តិសមទៅតាមពេលវេលា ឈុតតំណាងជាតិដែលមានអត្ថន័យ ហើយ អាចទាក់ទាញចិត្តនិងការចងចាំពីអ្នកទស្សនានិង ស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីខ្មែរនិងជប៉ុន ក្នុងគោលបំណងចែករំលែកទៅវិញទៅមក។
មិនត្រឹមតែប៉ុណ្ណោះ ជា ចារ៉ានី បានរៀបចំខ្លួនយ៉ាងស្រេចបាច់ប្រកដដោយទំនុកចិត្ត មានសេចក្តីក្លាហានជឿជាក់លើខ្លួនឯងនិងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពតាមការហ្វឹកហាត់នាពេលកន្លងមក។
គួរបញ្ជាក់ផងដែរ មុន ជា ចារ៉ានី ក្លាយជាម្ចាស់មកុដ Miss Cambodia ២០២១ នាងក៏ជាប់លំដាប់រងទី១ ក្នុងកម្មវិធី « ធីតាឯកសង្រ្កាន្ត» ឆ្នាំ២០២១ ចំណែកការប្រកួតលើឆាកអន្តរជាតិ Miss International 2022 នៅប្រទេសជប៉ុន នាងគឺជាបវរកញ្ញាខ្មែរទី៣ ចេញទៅប្រកួតក្នុងកម្មវិធីខាងលើនេះ៕
សូមបញ្ចេញមតិនៅទីនេះ