អាជ្ញាកណ្ដាលស្រីដំបូងនៅ World Cup ត្រៀមខ្លួនបង្ហាញសមត្ថភាព ក្នុងជំនួប អាល្លឺម៉ង់ ប៉ះ កូស្តារីកា
(បាល់ទាត់)៖ Stephanie Frappart, Neuza Back និង Karen Diaz នឹងក្លាយជាក្រុមអាជ្ញាកណ្តាលស្ត្រីដំបូងគេ សម្រាប់ការប្រកួត World Cup ផ្នែកបុរស ខណៈដែលពួកគេ ត្រូវបានតែងតាំងឱ្យទទួលបន្ទុកការប្រកួតក្នុងពូល E រវាងក្រុមជម្រើសជាតិ កូស្តារីកា ជាមួយ អាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។ នេះបើតាមការប្រកាសរបស់ FIFA ។
លោកស្រី Stephanie Frappart ដែលជាមន្ត្រីអាជ្ញាកណ្ដាលទី៤ ក្នុងការប្រកួតពូល C រវាងក្រុមជម្រើសជាតិ ប៉ូឡូញ និង ម៉ិកស៊ិក កាលពីសប្តាហ៍មុន នឹងក្លាយជាអាជ្ញាកណ្តាលកាត់សេចក្ដីលើទីលាន ជំនួបដ៏តានតឹងរវាង កូស្តារីកា ជាមួយ អាល្លឺម៉ង់។
ការទួលបានឱកាសដ៏កម្រនេះ បានធ្វើឲ្យ Stephanie ឈានដល់ចំណុចសំខាន់មួយទៀត បន្ទាប់ពីនាងបានក្លាយជាស្ត្រីដំបូងគេ ដែលមានវត្តមានក្នុងការប្រកួតជម្រុះ World Cup ផ្នែកបុរស ក្នុងខែមីនា និងការប្រកួត Champions League ឆ្នាំ 2020 ផងដែរ។
បើតាមការបញ្ជាក់របស់ FIFA អាជ្ញាកណ្ដាលសញ្ជាតិបារាំង វ័យ ៣៨ឆ្នាំរូបនេះ នឹងចាប់ដៃជាមួយអាជ្ញាកណ្ដាលពីរូបទៀត គឺ Neuza និង Mexican Diaz ដែលពួកគេជាជំនួយការអាជ្ញាកណ្ដាល។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍ដ៏ធំរបស់ពិភពលោក ដែលគ្រប់គ្នាហៅថា World Cup អនុញ្ញាតិឲ្យមានអាជ្ញាកណ្ដាលជាមនុស្សស្រី កាត់សេចក្ដីលើទីលាន ដែលពោរពេញដោយការប្រកួតប្រជែងមួយនេះ៕
សូមបញ្ចេញមតិនៅទីនេះ