ព្រហស្បតិ៍ , 01 ធ្នូ 2022
អូស្រ្តាលី ជាក្រុមអាស៊ីដំបូងគេ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup 2022 នេះ
(បាល់ទាត់)៖ ក្រុមជម្រើសជាតិអូស្រ្តាលី បានក្លាយជាក្រុមដំបូងគេមកពីអាស៊ី ដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុក្រោយ ក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលរៀបចំឡើង នៅក្នុងប្រទេសកាតា ឆ្នាំនេះ។ ប៉ុន្តែការឆ្លងផុតហានិភ័យមួយគ្រានេះ អូស្រ្តាលីត្រូវមកជួបឧបសគ្គធំនៅនឹងមុខនៅវគ្គ១៦ក្រុមចុងក្រោយ ខណៈត្រូវប្រឈម និងក្រុមខ្លាំង អាហ្សង់ទីន។
ដូចដែលប្រិយមិត្តបានដឹងហើយថា ព្រឹត្តិការ World Cup 2022 ដែលកាតា ធ្វើជាម្ចាស់ផ្ទះ មានប្រទេសមកពីទ្វីបអាស៊ី ចំនួន៦ រួមមាន៖ ម្ចាស់ផ្ទះកាតា កូរ៉េខាងត្បូង ជប៉ុន អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងអូស្ត្រាលី។
ការប្រកួតយប់មិញនេះ ក្រុមជម្រើសជាតិអូស្ត្រាលី បានយកឈ្នះក្រុមមកពីអឺរ៉ុប គឺជម្រើសជាតិ ដាណាម៉ាក់ ក្នុងលទ្ធផល ១ ទល់នឹង ០ នាកីឡដ្ឋាន Al Janoub Stadium វេលាម៉ោង ១១យប់ ម៉ោងនៅកម្ពុជា។
ជ័យជំនះយប់មិញនេះ បាននាំឲ្យក្រុមជម្រើសជាតិ អូស្រ្តាលី ដឹកដៃក្រុមក្នុងពូល ជម្រើសជាតិបារាំង ឡើងទៅវគ្គ១៦ ក្រុមចុងក្រោយដោយឆ្លងកាត់ការប្រកួតចំនួន៣ ឈ្នះ ២ ចាញ់១ មាន ៦ពិន្ទុ ដូចគ្នា តែបារាំងមានគ្រាប់បាល់ចំណេញច្រើនជាង។
បើគិតត្រឹមថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ក្រុមទាំង៦ មកពីអាស៊ី ឆ្នាំនេះ មានតែក្រុមជម្រើសជាតិអូស្រា្តលីមួយគត់ ដែលបានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមម្ចាស់ផ្ទះកាតា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានធ្លាក់ចេញពីព្រឹត្តិការណ៍ដ៏ធំមួយនេះហើយ។
ចំណែកជើងខ្លាំងចំនួនពីររបស់អាស៊ី ដែលមានបទពិសោធន៍ច្រើននៅព្រឹត្តិការណ៍មួយនេះ គឺក្រុមជម្រើសជាតិជប៉ុន និងកូរ៉េខាងត្បូង ត្រូវចាំអ៊ុតមើលការប្រកួតចុងក្រោយរបស់ពួកគេរៀងខ្លួន ព្រោះពួកគេសុទ្ធតែមានឱកាសឡើងដូចគ្នា។
គួរបញ្ជាក់ថា មុនឡើងទៅវគ្គ១៦ក្រុមក្រុមចុងក្រោយនេះ អូស្ត្រាលី បានបរាជ័យ ក្រោមស្នាដៃ បារាំង ៤ ទល់នឹង ១ ក្នុងប្រកួតបើកឆាក ហើយបានយកឈ្នះ ទុយណេស៊ី ១ ទល់នឹង ០ ក្នុងប្រកួតទី២។ ដោយឡែកសម្រាប់ការប្រកួតវគ្គ១៦ក្រុម អូស្ត្រាលី នឹងត្រូវប៉ះជាមួយជើងខ្លាំងមកពីអាមេរិកឡាទីន ជម្រើសជាតិ អាហ្សង់ទីន ដែលមានអ្នកគាំទ្រជាច្រើនលើកឡើងថា ក្រុម អូស្រ្តាលី នឹងធ្វើការធ្ងន់នៅក្នុងវគ្គមួយនេះ ដោយហេតុថាត្រូវជួបក្រុមខ្លាំង ហើយវគ្គនេះបើក្រុមណាចាញ់ត្រូវចញ្ចប់វត្តមានតែម្តង ៕
សូមបញ្ចេញមតិនៅទីនេះ