សុក្រ , 02 ធ្នូ 2022
សាំនឹងរឿងផ្តួលថៃមួយប្រាវសន្លប់ៗ ព្រំ សំណាង ថា ជិតលាឈប់ពីគុនខ្មែរហើយ តែមិនដឹងពេលណាបានជួបជើងខ្លាំង
ជើងខ្លាំងរបស់កម្ពុជា ព្រំ សំណាង នៅតែបន្តលើកឡើងដដែលៗថា ខ្លួននៅតែប៉ងចង់ជួបរបស់ពិត ក្រោយផ្ដួលដៃគូថៃ សាមីងដុង នៅសង្វៀន TVK Fighter ត្រឹមទឹកទី២ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។
ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម ខាងលើបានឲ្យដឹងថា « ខ្ញុំនៅតែប៉ងចង់ជួបរបស់ពិតដដែលហ្នឹង មុនពេលខ្ញុំឈប់ពីគុនខ្មែរ។ ខ្ញុំគិតថាខ្ញុំប្រហែលជាអាចនៅវាយបានយ៉ាងយូរ១ឆ្នាំជាងអីទៀតហ្នឹងអស់ហើយ ព្រោះអីកម្លាំងខ្ញុំមើលទៅវារាងធ្លាក់ដែរ ណាមួយវ័យយើងវាជ្រេដែរហើយ។ ខ្ញុំប៉ងថាទៅវាយនៅណាក៏បាន មិនថានៅថៃ ឬនៅខ្មែរយើងទេ សុំតែរបស់ពិតមក។ បើនិយាយពីរឿងទៅវាយនៅ ថៃហ្វៃ វិញ ខ្ញុំគិតថា ដល់ចប់ស៊ីហ្គេមខ្ញុំនឹងសុំមេទៅហើយ បើឡូវនេះមិនបានទេ ព្រោះខ្ញុំជាប់ជម្រើសជាតិចឹងមិនបានទេ»។
កីឡាករដដែលបន្ថែមថា រឿងដែលចង់ប៉ះរបស់ខ្លាំងនេះគឺដោយសារតែចង់ដឹងសមត្ថភាពរបស់ខ្លួនឯង អាចប៉ះកីឡាករខ្លាំងៗលំដាប់ណា មុនពេលលាលែងពីគុនខ្មែរពិតប្រាកដ។
កីឡាករ ព្រំ សំណាង ធ្លាប់ប្រកួតចំនួន ១០៦ ដង ឈ្នះ ៩៥ ស្មើ២ ដង ចាញ់ ៨ បើនិយាយពីអាយុកីឡាកររូបនេះបានដាក់ក្នុងបញ្ជីកីឡាករប្រដាល់មានវ័យ៣០ ឆ្នាំ ប៉ុន្តែអាយុពិតត្រូវបានគេដឹងថា លោកមានវ័យ៣៤ ឆ្នាំហើយ៕
សូមបញ្ចេញមតិនៅទីនេះ