សុក្រ , 02 ធ្នូ 2022
Suarez បដិសេធសុំទោសហ្គាណាចំពោះការយកដៃប៉ះបាល់កាលពី២០១០
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយកីឡាករ Luis Suarez បានបដិសេធសុំទោសសម្រាប់ការយកដៃប៉ះបាល់ទល់នឹងជម្រើសជាតិហ្គាណាកាលពី World Cup ២០១០។
Suarez ត្រូវបានបណ្ដេញចេញពីទីលាននៅចុងម៉ោងបន្ថែមនៃវគ្គ៨ក្រុមចុងក្រោយ ក្រោយយកដៃវាយបាល់ចេញពីមុខទីរបស់ក្រុមខ្លួន។ ពេលនោះហ្គាណាទទួលបានបាល់ប៉េណាល់ទី តែកីឡាករ Asamoah Gyan ខកខានធ្វើមិនបានសម្រេច។
មកទល់នឹងពេលនេះរឿងខាងលើមានរយៈពេល១២ឆ្នាំមកហើយ ខណៈអ្នកគាំទ្របាល់ទាត់នៅហ្គាណាមួយចំនួននៅតែចង់ចាំ និងហៅ Suarez ជាបិសាច។ ទាក់ទិននឹងរឿងនេះ Suarez បាននិយាយមុនជួបហ្គាណាយប់នេះថា៖ "កីឡាករហ្គាណាជាអ្នកទាត់ប៉េណាល់ទីមិនចូលខ្លួនឯង មិនមែនដោយសារខ្ញុំឡើយ។ ខ្ញុំមិនសុំទោសសម្រាប់រឿងនេះឡើយ។ ខ្ញុំសុំទោសប្រសិនបើខ្ញុំធ្វើឲ្យកីឡាករណាម្នាក់របួស”។
អ៊ុយរុយហ្គាយនិងត្រូវលេងទល់ជាមួយហ្គាណានៅរាត្រីនេះសម្រាប់ការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុពូល H។ ក្រុមទាំងពីទាមទារការឈ្នះដូចគ្នាដើម្បីមានឱកាសបានឡើងទៅកាន់វគ្គបន្ត ខណៈកូរ៉េខាងត្បូងក៏មិនទាន់អស់ឱកាសដោយត្រូវលេងជាមួយព័រទុយហ្គាល់យប់នេះដូចគ្នា។
សូមបញ្ចេញមតិនៅទីនេះ