អ៊ុំ វិចិត្រ៖«គួរតែផ្តល់ឱកាសឱ្យ សាវែង សំណាង សម្រាប់កៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា»
(បាល់ទាត់)៖ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បច្ចុប្បន្ន កំពុងស្ថិតនៅប្រទេសកាតា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ កាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ។
ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងទីក្រុងកូឡាឡាំពួរ និងត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ក្នុងនោះគេសង្កេតឃើញថា មិនមានវត្តមានអ្នកចាំទីដៃទី១ សាវែង សំណាង ដែលទើបតែជួយភ្នំពេញក្រោន លើកពានលីគកំពូលកម្ពុជា លើកទី៨ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននោះឡើយ។
ភ្លាមៗនោះ អ្នកចាំទីរៀមច្បង អ៊ុំ វិចិត្រ បានសរសេរក្នុងទំព័រហ្វេសបុក ដូច្នេះថា «គួរតែផ្តល់ឱកាសអោយគាត់សម្រាប់កៅអីជម្រើសជាតិ ទោះបីជាគាត់មានបញ្ហាកម្ពស់ក៏ដោយ ប៉ុន្តែគួរតែសម្លឹងមើល Performance របស់គាត់ នៅក្នុងការប្រកួតលីគកំពូល»។
សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និង ប្រ៊ុយណា ខណ:ការប្រកួតបើកឆាកត្រូវជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់៕
សូមបញ្ចេញមតិនៅទីនេះ