បឺត សង្ឃឹម ថា អេលីត សាន់ ជាគូប្រជែងខ្សែក្រវាត់ដ៏សំខាន់ តែក៏ដឹងពីយុទ្ធសាស្ត្រក្នុងការទប់ទល់ដែរ
ជើងខ្លាំងល្អក្បាច់ បឺត សង្ឃឹម បានឡើងទៅកាន់ជុំទី២ ខណៈ គីងកុង អេលីត សាន់ ក៏បានឡើងទៅកាន់ជុំទី២ដូចគ្នា នៃកម្មវិធីដណ្ដើមខ្សែក្រវាត់ Wurkz ប្រដាល់គុនខ្មែររដូវកាលទី២លើទម្ងន់៦០គីឡូក្រាមរបស់ទូរទស្សន៍ ថោន ។
កម្មវិធីប្រកួតជម្រុះជុំ២៤នាក់ក្នុងសប្ដាហ៍ទី១ នៃព្រឹត្តិការណ៍ខាងលើបានបញ្ចប់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ខណៈ ដែល បឺត សង្ឃឹម បានយកឈ្នះ សេន កុសល់ ស្របពេល អេលីត សាន់ ឈ្នះ លាភ សំណាង ។ ជ័យជម្នះរបស់អ្នកទាំងពីរធ្វើឲ្យពួកគេបានឡើងទៅកាន់ ជុំ១២នាក់ចុងក្រោយដូចគ្នា ខណៈអ្នកទាំងពីរមិនទាន់ដឹងថា នឹងប៉ះកីឡាកររូបណានោះឡើយ នៅជុំទី២នេះ ប៉ុន្តែ បឺត សង្ឃឹម សម្លឹងឃើញថា អាលីត សាន់ ជាគូរប្រជែងដែលខ្លួនត្រូវតែបារម្ភ។
ឆ្លើយជាមួយ Lee News សិស្សរបស់ បឺត ខាំ ខាងលើបាននិយាយថា « បាទបទខ្ញុំយល់ថា អេលីត សាន់ នេះមិនជាស្រួល ក៏មិនលំបាកពេកដែរ និយាយទៅម៉ាល្មមដែលយើងអាចប្រកួតបាន។ ខ្ញុំឃើញចំណុចដែលត្រូវបារម្ភខ្លាំងបើប៉ះគាត់ សម្រាប់ អេលីត សាន់ មានតែដៃ ព្រោះថាដៃគាត់ធ្ងន់ ចឹងដើម្បីហាត់ទប់ដៃគាត់ យើងមានតែហាត់ទប់ទម្ងន់ដៃគេ ហាត់កម្លាំងស៊ូសឲ្យពេញល្អ និងបច្ចេកទេសកាត់ចង្វាក់នៃការវាយកណ្ដាប់ដៃរបស់ អេលីត សាន់ ជាដើម»។
គួររម្លឹកថា សម្រាប់ បឺត សង្ឃឹម និង អេលីត សាន់ ត្រូវបានមហាជនមើលឃើញថា ជាជើងខ្លាំង ដែលអាចនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ Wurkz ប្រដាល់គុនខ្មែររដូវកាលទី២ដូចគ្នា ខណៈ វ៉ាន់ វឿន និង សូត្រ វាសនា សុទ្ធតែជាកីឡាករលេចធ្លោខ្លាំង និងល្អៗផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ