ព្រហស្បតិ៍ , 08 ធ្នូ 2022
កីឡដ្ឋាន ៩៧៤ នៅ World Cup នឹងត្រូវរុះរើចេញទាំងស្រុង ក្រោយចប់វគ្គ១៦ក្រុមចុងក្រោយ
(បាល់ទាត់)៖ កីឡដ្ឋាន 974 ដែលសាងសង់ឡើងដោយទូកុងតឺន័រ ចំនួន៩៧៤ទូ ដើម្បីបម្រើដល់ការប្រកួត World Cup 2022 នៅប្រទេសកាតា នឹងត្រូវរុះរើចេញតែម្តង បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយនៅវគ្គ១៦ក្រុមចុងក្រោយ។
កាតា បានត្រៀមខ្លួនយ៉ាងពេញទំហឹង ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំនេះ ដោយបានសាងសង់កីឡដ្ឋានថ្មីចំនួន ៧ នៅទូទាំងប្រទេស ក្នុងចំណោមកីឡដ្ឋានសរុប៨ ដែលទទួលរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
ក្នុងចំណោមនោះ គឺមានតែកីឡដ្ឋាន 974 ដែលមានមូលដ្ឋានក្នុងទីក្រុងដូហា តែមួយគត់ ដែលសាងសង់ឡើងដោយប្រើទូកុងតឺន័រ ប៉ុន្តែទោះយ៉ាងណាក៏ដោយ កីឡដ្ឋាននេះ នឹងត្រូវរលាយបាត់រូបរាងទាំងស្រុងតែម្តង តាមរយៈការរុះរើសចេញ ក្រោយចប់ការប្រកួតរវាងប្រេស៊ីល នឹងកូរ៉េខាងត្បូង។
នៅក្នុងការប្រកួត World Cup 2022 កីឡដ្ឋាន 974 ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានចំនួន ៤៤,០៨៩នាក់ ដែលមិនត្រូវប្រកាសអំពីតម្លៃនៃការសាងសង់ បានទទួលរៀបចំការប្រកួតសរុបចំនួន ៧ប្រកួត ចាប់តាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គ១៦ក្រុមចុងក្រោយ។
យោងតាមការបញ្ជាក់ពីអ្នករៀបចំព្រឹត្តិការណ៍បានឱ្យដឹងថា កីឡដ្ឋាន 974 ត្រូវបានសាងសង់ឡើងជាផ្នែកៗ ដោយប្រើវត្ថុធាតុដើមកែច្នៃ រួមទាំងដែកថែប ជាពិសេសទូកុងតឺន័រចំនួន ៩៧៤ទូ ដូចនឹងឈ្មោះ ដែលត្រូវបានប្រើសម្រាប់កីឡដ្ឋាននេះ៕
សូមបញ្ចេញមតិនៅទីនេះ