ព្រហស្បតិ៍ , 08 ធ្នូ 2022
ហ៊ុល គឹមហ៊ុយ ត្រៀមខ្លួនទៅក្លិបថ្មីធំមួយ បន្ទាប់ពីចែកផ្លូវ ទាំងក្ដុកក្ដួល ជាមួយបឹងកេត នៅថ្ងៃនេះ
(បាល់ទាត់)៖ នៅរសៀលម៉ោង២ ថ្ងៃទី០៨ ខែធ្នូនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករពីររូប គឺអ្នកចាំទីដៃទីមួយ ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប បន្ទាប់ពីការប្រកួតនៅលីគកំពូលកម្ពុជា បានបញ្ជប់ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្រុមទាំង៨។
សេចក្ដីថ្លៃងការណ៍របស់ក្លិប បាននិយាយថា៖« ក្លិបបាល់ទាត់បឹងកេត សូមប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករទាំងពីររូប គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប។
ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាពអស្ចារ្យ និងស្នាដៃល្អៗជាច្រើន ដែលអ្នកទាំងពីរ ធ្លាប់បានរួមចំណែកក៏សាងឡើងជាមួយក្លិបបឹងកេត នាពេលកន្លងមក»។
ជាមួយគ្នានេះ ប្រធានក្លិបបាល់ទាត់បឹងកេត លោកស្រី ពុធ ធីតា បាននិយាយថា៖ នេះគឺជាបាល់ទាត់… សូមសំណាងល្អជាមួយក្លិបថ្មីប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំទាំងពីរ»។
ក្រោយប្រកាសចែកផ្លូវ បានតែ ៣០នាទី អ្នកចាំទី ហ៊ុល គីមហុយ ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី បានប្រាប់មកកាន់ Lee News ដោយនិយាយទាំងក្ដុកក្ដួលថា៖« បាទបង ខ្ញុំបានចែកផ្លូវជាមួយក្លិបបាល់ទាត់បឹងកេត ហើយបង។ ខ្ញុំពិតជាអរគុណដល់ប្រធានក្លិប លោកស្រី ពុធ ធីតា និងគ្រួសារ លោកគ្រូបង្វឹកទាំងអស់ បុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយ អ្នកអនាម័យ ចុងភៅ អ្នកថែស្មៅ អ្នកគាំទ្រ និងបងសន្តិសុខទាំងអស់ សម្រាប់រយៈពេល៤ឆ្នាំមកនេះ»។
អ្នកចាំទីដែលមានដើមកំណើតនៅខេត្តតាកែវ រូបនេះ បានបន្តថា៖« វាជាការសម្រេចចិត្តមួយដ៏ពិបាករបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែធ្វើ ព្រោះនេះជាបាល់ទាត់។ រយៈពេល៤ឆ្នាំមកនេះ ខ្ញុំបានរៀនសូត្រពីពួកគាត់បានច្រើន ភាពលំបាក ជូចត់ សេចក្ដីស្រលាញ់ ភាពជោគជ័យ។ ខ្ញុំសូមជូនពរឲ្យពួកគាត់ ទទួលបានជោគជ័យនាពេលអនាគត់ ហើយយើងនឹងប្រកួតប្រជែងជាមួយគ្នាបន្តទៀត ក្នុងនាមជាបងប្អូន ក្នុងវិស័យបាល់ទាត់»។
ជាមួយគ្នានេះ ហ៊ុល គីមហ៊ុយ ក៏បានបង្ហើបថា រូបគេនឹងចូលរួមជាមួយក្លិបដ៏ធំមួយនៅលីគកំពូលកម្ពុជានេះ តែយ៉ាងណារូបគេ សុំមិនទាន់បញ្ជេញឈ្មោះនោះទេ។ តើក្លិបធំដែល ហ៊ុល គឹមហុយ ត្រៀមឈានជើងចូលជ្រកកោនជាទ្រនំថ្មីជាក្លិបណា ខណៈក្លិបធំៗប្រចាំកម្ពុជា មានដូចជា ក្លិបព្រះខ័នរាជស្វាងរៀង វិសាខា ភ្នំពេញក្រោន និងក្លិប ណាហ្គាវ័ល ៕
សូមបញ្ចេញមតិនៅទីនេះ