ថៃ ទើបស៊ីឡាក់លុយរង្វាន់ លន បញ្ញា ឥឡូវ អ៊ួច ធារិទ្ធ ម្នាក់ទៀត តើ កិត្តិយសកីឡាករគុនខ្មែរ ត្រូវគេជាន់ឈ្លីដល់ពេលណា ?
មួយរយៈនេះកីឡាករគុនខ្មែរដែលចេញទៅវ៉ានៅប្រទេស ថៃ ទោះជាទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ដែលជួយលើកមុខមាត់គុនខ្មែរឱ្យពិភពលោកបានឃើញក្តី ប៉ុន្តែស្របគ្នានោះកីឡាករខ្មែរមួយចំនួនក៏ត្រូវភាគីអ្នករៀបកម្មវិធី ថៃ ប្រើរូបភាពក្បត់ទំនុកចិត្ត ពីរឿងប្រាក់រង្វាន់ពីលើតម្លៃខ្លួននៃការប្រកួតជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ លន បញ្ញា ទើបតែជួបរឿងមិនទទួលបានប្រាក់រង្វាន់ដូចការសន្យាមុនការប្រកួតម្តងរួចមកហើយ ស្រាប់តែនៅពេលនេះ អ៊ុច ធារិទ្ធ ក៏មិនខុសគ្នា ដែរត្រូវខាងថៃ ស៊ីឡាក់ប្រាក់រង្វាន់បន្តទៀត ហើយរឿងនេះក៏គ្មានមន្រ្តីសហព័ន្ធខ្មែរចេញមុខជួយដោះស្រាយដែរ ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កីឡាករ អ៊ួច ធារិទ្ធ បានធ្វើការប្រកួតទល់កីឡាកររបស់ប្រទេសឥណ្ឌា Anubhav Kumar Verma ដោយកីឡាករកម្ពុជាវាយដៃគូឲ្យបោះបង់ការប្រកួតនៅទឹកទី៣ សម្រាប់ការប្រកួតមិនពាក់ហ្គង់នៅសង្វៀន BK FC នៅទីក្រុងបាងកកប្រទេសថៃ។ ។
មុនការប្រកួតប្រមូរទ័រអ្នកនាំទៅប្រកួតបានប្រាប់មកកាន់ ធារិទ្ធ ថា បើសិនវាយដៃគូឈ្នះដោយពិន្ទុទទួលបាន ៤៥០ ដុល្លារ ហើយបើសិនវាយដៃគូសន្លប់ នឹងទទួលបាន៧០០ដុល្លារបន្ថែមពីលើតម្លៃខ្លួន។ នេះបើតាមសម្ដីរបស់កីឡាករផ្ទាល់បានប្រាប់មកកាន់ Lee News ។
អ្នកលេងចិត្តសឿងរបស់កម្ពុជាខាងលើបានប្រាប់ឲ្យដឹងថា ក្រោយវាយគូឲ្យបោះបង់ការប្រកួត ខាងភាគីថៃបានប្រគល់ជូនថវិកាលើកទឹកចិត្តត្រឹម៤០០ដុល្លារប៉ុណ្ណោះ ក្នុងពេលនោះគេប្រាប់មកកាន់ ធារិទ្ធ ថា លុះត្រាតែវាយដៃគូឲ្យសន្លប់ឈឹងតែម្ដង ទើបទទួលបាន៧០០ដុល្លារនោះ។ យ៉ាងណាសម្រាប់តម្លៃខ្លួនគឺទទួលបាន ៨០០ ដុល្លារធម្មតា ខណៈការស្នាក់នៅហូបចុក និងការធ្វើដំណើរគឺខាងកម្មវិធីរៀបចំជូន។
ដូច្នេះបើសរុបទាំងថវិកាតម្លៃខ្លួន និងថវិកា រង្វាន់គឺសរុប អ៊ួច ធារិទ្ធ ទទួលបាន១២០០ ដុល្លារអាមេរិក។ ទោះបីទទួលបានថវិកាច្រើនគួរសមក្ដី ប៉ុន្តែត្រូវបានគេមើលឃើញថា ថវិកាមានចំនួនខុសគ្នាពីអ្វីដែលបានប្រាប់មកកាន់ប្រមូទ័រ។
ទោះយ៉ាងណា ជុំវិញរឿងរ៉ាវកីឡាករខ្មែរចេញទៅវ៉ៃនៅ ថៃ ស្ពាយយក ជ័យជម្នះ រួមនឹងរូបភាពគេជាន់ឈ្លីកិត្តិយសវិញមកស្រុកកំណើតវិញនេះដែរ គេមិនទាន់បានឃើញមន្រ្តីពាក់ព័ន្ធណាម្នាក់ចេញមុខ តតាំងជាមួយភាគី ថៃ ទាមទារយកប្រាក់មកជូនកីឡាករខ្លួន តាមកិច្ចសន្យាមុនការប្រកួត និងដើម្បីលើកមុខមាត់គុនខ្មែរ ចេញពីរូបភាព ដែលប្រទេសជិតខាងជាន់ឈ្លីបែបនេះឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ