ច័ន្ទ , 12 ធ្នូ 2022
Declan Rice ទទូចឲ្យ Southgate បន្តដឹកនាំជម្រើសជាតិអង់គ្លេស
(បាល់ទាត់)៖ ខ្សែបម្រើ Declan Rice បានទទូចឲ្យលោក Gareth Southgate បន្តនៅជាគ្រូរបស់ជម្រើសជាតិអង់គ្លេស បន្ទាប់ពីបុរសវ័យ៥២ឆ្នាំ បាននិយាយថា លោកត្រូវការពេល ដើម្បីសម្រេចចិត្តពីអនាគត។
Southgate បានដឹកនាំតោកំណាច ឡើងដល់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ World Cup ក្នុងប្រទេសកាតា តែចាញ់ក្រោមថ្វីជើង បារាំង។ ក្រោយបរាជ័យ លោកបានលើកឡើងថា លោកប្រហែលជាត្រូវចុះចេញពីតំណែង ប៉ុន្តែ Rice បានអង្វរ Southgate ឲ្យបន្តដឹកនាំអង់គ្លេស តទៀតទៅ ដ្បិតក្រុមមិនបានឈ្នះពានក៏ដោយ។
និយាយប្រាប់សារព័ត៌មាន Rice បានបញ្ជាក់ថា Southgate បាននាំក្រុមមកដល់ពេលនេះ លើសពីអ្វីដែលមនុស្សគ្រប់គ្នាអាចរំពឹងទុក។ គេសង្ឃឹមថា លោកនឹងបន្តនៅ ព្រោះក្រុមស្នូលដែលទទួលបាន និងអ្វីដែលលោកបានបង្កើត សម្រាប់ក្រុមគឺពិសេសណាស់។ គេពេញចិត្តលេង ដើម្បី Southgate និងជម្រើសជាតិអង់គ្លេស។
Rice បានចាប់ផ្ដើមជាជម្រើសដំបូងគ្រប់ប្រកួតឲ្យអង់គ្លេស នៅប្រទេសកាតា ហើយតែងតែចាប់ដៃគូជាមួយ Jude Bellingham នៅតំបន់បម្រើ។ ត្បិតមានវ័យ ២៣និង ១៩ តែកីឡាករទាំងពីររូបខាងលើ បានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង ក្នុងព្រឹត្តិការណ៍ World Cup ២០២២៕
សូមបញ្ចេញមតិនៅទីនេះ