អង្គារ , 13 ធ្នូ 2022
ប៊ុត សីហា វិលចូលសិល្បៈមិនទាន់បានប៉ុន្មានផង ប្រកាសចង់សម្រា-កពីពិភពសិល្បៈ ពេលរឹ..ងដៃជើង
កម្សាន្ត៖ តារាចម្រៀង ប៊ុត សីហា ដែលទើបវិលចូលអាជីពសិល្បៈវិញ បន្ទាប់ពីមានរឿង អាស្រូវ ពេលនេះលោកបានប្រកាសថា មិនយូរទេរូបគេនឹងសម្រាកពីអាជីពសិល្បៈហើយ ក្រោយពីមានលទ្ធភាពមានមុខរបរសមល្មមសម្រាប់ខ្លួន ដែលមានសភាពរឹងដៃរឹងជើងជាងនេះ។ ប៊ុត សីហា លើកឡើងក្នុងឱកាសជូនពរខួបកំណើតកូនប្រុសកាលពីពេលកន្លងមកថ្មីៗកន្លងទៅ។
ការវិលត្រលប់មកវិញរបស់តារាចម្រៀង ប៊ុត សីហា អតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ បានធ្វើឱ្យអ្នកគាំទ្ររបស់លោក សម្តែងក្តីត្រេកអរយ៉ាងខ្លាំង ព្រោះសំឡេងរបស់លោកនៅតែជាទីចាប់អារម្មណ៍របស់មហាជន ជាពិសេសលោកក៏ទទួលបានការផ្តល់ឱកាសពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ ប៉ុន្តែតារាចម្រៀងរូបនេះបានបដិសេធមិនចូលទ្រនំហ្គាឡាក់ស៊ីឡើយ ដោយ សម្រេចចិត្តធ្វើជាតារាចម្រៀងឯករាជ្យ និងទទួលបានការជ្រោមជ្រែងពីលោកស្រី ទ្រី ដាណា។
ទោះយ៉ាងណា ក្រោយពីលោកប្រលូកលើអាជីពចាស់វិញអស់មួយរយៈ តារាចម្រៀង ប៊ុត សីហា បានព្រលយពាក្យថា មិនយូរទេលោកនឹងលាចេញ ពីអាជីពសិល្បៈហើយ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុត សីហា ក្នុងឱកាសខួបកំណើតកូនប្រុសកាលពីពេលថ្មីៗនេះ។
តារាចម្រៀង ប៊ុត សីហា បានរៀបរាប់យ៉ាងដូច្នេះថា «រីករាយថ្ងៃកំណើតកូនប្រុសសម្លាញ់ ដល់ម៉ោងហើយបងប្អូនសូមអញ្ជើញ មកសប្បាយៗ មិនបានហៅច្រើនទេខ្លាចអត់ទប់ទល់រួចត្រឹម10តុបានហើយ គ្រាន់ជាការំលឹងថ្ងៃល្អកូន សង្ឃឹមកូនធំសម្លេងដូចប៉ា ហើយមានសីលធម៌ល្អ មិនធ្លាប់ដើរផ្លូវមិនល្អដូចប៉ា កុំឲ្យសង្គមស្អប់ខ្ពើម មានសម្លេងឲ្យមហាជន ស្តាប់ខ្លាំងជាងប៉ា មិនយូរទេប៉ាសម្រាក ពីពិភពសិល្បៈនេះហើយ ឲ្យប៉ារឹងដៃជើងហើយសិន ប៉ាចង់មានមុខរបរសមល្មមបានហើយ សូមបងប្អូនគេងលក់និងសុខសប្បាយ ចុងសប្តាហ៍»។
គួរបញ្ជាក់ផងដែរថា ប៊ុត សីហា បានប្រកាសវិលចូលវិថីសិល្បៈ កាលពីខែសីហា កន្លងមកនេះ និងសុំឱកាសពីមហាជន ក្រោយពីលោកបានផ្អាក អាជីពសិល្បៈ អស់រយៈ ពេលជាច្រើនឆ្នាំដោយសារតែរឿងអាស្រូវផ្ទាល់ខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ