ព្រហស្បតិ៍ , 15 ធ្នូ 2022
គិតត្រឹមពេលនេះគ្រូបង្វឹកទាំង៦រូប ចែកផ្លូវគ្នាជាមួយក្រុមជម្រើសជាតខ្លួន ក្រោយធ្លាក់ពី World Cup 2022
(បាល់ទាត់)៖ ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលចាប់ផ្តើមកាលពីថ្ងៃទី 20 ខែវិច្ឆិកា មានក្រុមចូលរួមចំនួន ៣២ ឆ្លងកាត់ការប្រកួតប្រជែងពេលនេះគេរកឃើញថា បារាំង នឹងប៉ះ អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រ ។ យ៉ាងណារហូតមកដល់ពេលនេះគេមើលឃើញថា គ្រូបង្វឹកមួយចំនួន ត្រូវបានបណ្ដេញចេញ ហើយក៏មានគ្រូបង្វឹកខ្លះសុខចិត្តដើរចេញពីតួនាទីរបស់ខ្លួនដោយសារតែការបំពេញការងារមិនជោគជ័យ។
ដើម្បីជម្រាបជូនប្រិយមិត្តពេលនេះ Lee News សូមធ្វើការសរុបជូន៖
1. Tite - ប្រេស៊ីល
គ្រូបង្វឹកប្រេស៊ីលលោក Tite បានលាលែងពីដំណែង បន្ទាប់ពីការធ្លាក់ចេញពី FIFA World Cup វគ្គ៨ក្រុមចុងក្រោយ ក្រោមដៃរបស់ក្រូអាត កាលពីថ្ងៃសៅរ៍។ លោក Tite បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតនៅកីឡដ្ឋាន Education City ថា វាជាចុងបញ្ចប់នៃសករាជរបស់លោកហើយ។
គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះ បានក្លាយជាគ្រូបង្វឹកប្រេស៊ីល ក្នុងឆ្នាំ ២០១៦ និងបានឈ្នះពានរង្វាន់ Copa America ក្នុងឆ្នាំ ២០១៩ ។ សម្រាប់ការប្រកួត World Cup នេះវិញ ប្រេស៊ីលបានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមងក្រោមថ្វីជើងក្រូអាត ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។
2. Luis Enrique - អេស្ប៉ាញ
បន្ទាប់ពីការធ្លាក់ចេញរបស់អេស្ប៉ាញ ក្នុងវគ្គ ១៦ ក្រុម ដែលចាញ់ដោយបាល់ប៉េណាល់ទី ជាមួយ ម៉ារ៉ុក គ្រូបង្វឹក Luis Enrique បានបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ។
Enrique ក្លាយជាគ្រូបង្វឹកទីប្រាំ ដែលដើរចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីធ្លាក់ចេញនៅ World Cup ក្នុងប្រទេសកាតា។
3. Gerardo Tata Martino - ម៉ិកស៊ិក
គ្រូបង្វឹកម៉ិកស៊ិកលោក Tata Martino បានទទួលយកការទទួលខុសត្រូវទាំងស្រុង សម្រាប់ការធ្លាក់ចេញពី World Cup នៅវគ្គជម្រុះតាមពូល ហើយបានសម្រេចចិត្តមិនបន្តកិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់របស់ ម៉ិកស៊ិក (FMF) ។ Martino បានក្លាយជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ម៉ិកស៊ិក ក្នុងខែមករា ឆ្នាំ ២០១៩ ។
4. Paulo Bento-កូរ៉េខាងត្បូង
លោក Paulo Bento បានលាលែងពីតំណែងជាគ្រូបង្វឹកកូរ៉េខាងត្បូង បន្ទាប់ពីក្រុមរបស់លោក បានរងបរាជ័យក្នុងលទ្ធផល 4-1 ក្រោមថ្វីជើងក្រុមប្រេស៊ីល ក្នុងការប្រកួត FIFA World Cup 2022 វគ្គ 16 ក្រុម នៅកីឡដ្ឋាន 974 ទីក្រុង Doha ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត Bento បានធ្វើការប្រកាសដោយនិយាយថា លោកនឹងបន្តកិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់កូរ៉េទៀតឡើយ។
លោក Bento បានចូលកាន់តំណែងជាគ្រូបង្វឹក នៅខែសីហា ឆ្នាំ ២០១៨ ពីអតីតគ្រូបង្វឹក Shin Tae-yong បន្ទាប់ពីកូរ៉េខាងត្បូង បានធ្លាក់ចេញពីវគ្គចែកពូលពីការប្រកួត World Cup ២០១៨ នៅរុស្ស៊ី។ នៅក្នុងការប្រកួត World Cup នៅ កាតា លោកបានដឹកនាំកូរ៉េខាងត្បូង ឡើង១៦ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពីការប្រកួត World Cup 2010 នៅអាហ្វ្រិកខាងត្បូង ។
5. Otto Addo - ហ្គាណា
លោក Otto Addo គ្រូបង្វឹកវ័យ 47 ឆ្នាំ ដែលជាអតីតកីឡាករជម្រើសជាតិហ្គាណា
បាននិយាយ បន្ទាប់ពីហ្គាណាបានធ្លាក់ចេញពីការប្រកួត ក្រោយចាញ់ អ៊ុយរូហ្គាយ 2-0 នៅកីឡដ្ឋាន Al Janoub ថា៖« ខ្ញុំបាននិយាយពីមុន វាច្បាស់ណាស់ថា ខ្ញុំនឹងឈប់ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។ នៅពេលនេះ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ មើលឃើញអនាគតរបស់យើងនៅក្នុងប្រទេស អាល្លឺម៉ង់ ខ្ញុំចូលចិត្តតួនាទីរបស់ខ្ញុំនៅ Dortmund។ ខ្ញុំបាននិយាយថា ខ្ញុំនឹងលាលែងពីតំណែងក្រោយព្រឹត្តិការណ៍ World Cup ទោះបីយើងជាម្ចាស់ជើងឯកពិភពលោកក៏ដោយ»។
6. Roberto Martinez - បែលហ្ស៊ិក
លោក Roberto Martinez លាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោយដឹកនាំក្រុមធ្លាក់ចេញពីការប្រកួត FIFA World Cup 2022 ត្រឹមវគ្គចែកពូល។ គ្រូសញ្ជាតិអេស្ប៉ាញសោកស្តាយចំពោះការខកចិត្តនេះ តែលោកមិនស្តាយក្រោយដែលចាកចេញពីកៅអីគ្រូបង្វឹកបែលហ្ស៊ិកឡើយ។
ក្រៅពីគ្រូបង្វឹកទាំង៦ខាងលើ ពេលនេះគេប្រទះឃើញព័ត៌មាន Goal បានចេញផ្សាយដែរថា លោក Fernando Santos គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ទំនងជាអ្នកទី៧ ដែលត្រូវចែកផ្លូវជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិមួយនេះធ្លាក់ចេញពី World Cup នៅកាតា ត្រឹមវគ្គ៨ក្រុមចុងក្រោយ៕
សូមបញ្ចេញមតិនៅទីនេះ