ច្បាស់ហើយឧកញ៉ា ខេមរៈ សិរីមន្ត ចូលផលិតកម្មថ្មី ក្រោយបញ្ចប់កុងត្រា នៅហង្សមាស
កម្សាន្ត៖អ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពុងទន្ទឹងចង់ដឹងថា ក្រោយពីបញ្ចប់កិច្ចសន្យានៅផលិតកម្មយក្ស ហង្សមាស តើតារាចម្រៀងមានងារជាឧកញ៉ារូបនេះ នឹងបន្តចូលច្រៀងនៅក្នុងផលិតកម្មណា ព្រោះពេលនេះមិនទាន់មានការបញ្ជាក់ពីសាមីខ្លួន ឬផលិតកម្មណានៅឡើយទេ ។ ប៉ុន្តែថ្មីៗនេះ LEE NEWS មានព័ត៌មានគួរឱ្យទុកចិត្តមួយបានទម្លាយថា តារាចម្រៀងលំដាប់ A រូបនេះបានសម្រេចចូលធ្វើកុងត្រាជាមួយផលិតកម្ម ហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួចរាល់ហើយ។
គេចាំបានថា កាលពីប៉ុន្មានខែមុនស្របពេលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនសូវចេញបទចម្រៀងថ្មីនៅក្នុងផលិតម្មហង្សមាស ក៏មានលេចធ្លាយព័ត៌មានថា លោក បានសម្រេចចិត្តចូលមករួមរស់ក្រោមដំបូលផលិតកម្ម ហ្គាឡាក់ស៊ី នឹងបានសង្ងំថតបទចម្រៀងថ្មីៗជាច្រើនបទឱ្
ផលិតកម្មនេះរួចរាល់ទៀតផង គ្រាន់តែពិធីធ្វើកិច្ចកុងត្រាមិនទាន់ រៀបចំឡើងជាផ្លូវការ និងបទចម្រៀងរបស់លោកត្រូវតម្កល់ទុករង់ចាំពេលវេលាសមស្រប ទើបចេញលើទីផ្សារ។ ប៉ុន្តែព័ត៌មានក្រៅផ្លូវការទាំងនោះ ក៏មិនបានសាយភាយខ្លាំងនោះទេ ខណៈដែលឧកញ៉ នៅតែបន្តចេញ បទចម្រៀងខ្លះៗនៅ ហង្សមាស និងយកពេលច្រើនផ្តោតលើជំនួញផ្នែកអចលនទ្រព្យ ដែលកំពុងជោគជ័យខ្លាំង។
ចេញមិនឆ្ងាយពីព័ត៌មានចូលផលិតកម្ម ហ្គាឡាក់ស៊ី ស្រាប់តែនៅពេលនេះ ក៏មានព័ត៌មានធ្លាយចេញជាថ្មីពីអ្នកដែលជិតស្និទ្ធជាមួយឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហើបប្រាប់ LEE NEWS ជាថ្មីថា ក្រោយពីចប់កិច្ចសន្យាការងារជាមូយផលិតកម្មហង្សមាសកាលពីខែ វិច្ឆិកា ពេលនេះតារាចម្រៀង ខេមរៈ សិរី មន្ត បានចូលផលិតកម្មហ្គាឡាក់ស៊ី១០០ភាគហើយ គ្រាន់តែពុំទាន់មានពិធីទទួលជាផ្លូវការប៉ុណ្ណាះ។ ប្រភពដដែលនេះបន្តថា តាមព័ត៌មានដែលគេបានដឹង តាមគម្រោងផលិតកម្មហ្គាឡាក់ស៊ីនឹងគ្រោងរៀបចំ ពិធីសន្និសិទ្ធសារព័ត៌មានទទួលតារាចម្រៀងវ័យ៣៧ឆ្នាំរូបនេះជាផ្លូវការនៅចុងខែធ្នូ ឬដើមឆ្នាំ ២០២៣ ខាងមុខនេះហើយ ។
សម្រាប់ព័ត៌មានចុងក្រោយនេះ ប្រហែលជាធ្វើឱ្យមហាជន ជាពិសេសហ្វេនហ្វេនរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញក្តីរីករាយជាមិនខាន ខណៈបានដឹងថា តារាចម្រៀងមានប្រភពមកពីខេត្តកំពង់ចាមរូបនេះនឹងចូលទ្រនំ ហ្គាឡាក់ស៊ី ដែលប្រជុំដោយតារាជើងខ្លាំងដូចជា ព្រាប សុវត្ថិ និង ខេម ជាដើម ។
គួរ បញ្ជាក់ថាតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទ្រនំហង្សមាសកាលពីឆ្នាំ ២០១៧ ពោលរយៈពេល៥ឆ្នាំនៅក្នុងផលិតកម្មហង្សមាស ខេមរៈ សិរីមន្ត បាន ក្លាយជាតារាប្រុសនាំមុខគេនៅក្នុងផលិតកម្មយក្សមួយនេះ ហើយមួយរយៈចុងក្រោយដ្បិតមានងារជាលោកឧកញ៉ាតែលោកនៅតែបន្តអាជីពចម្រៀងផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ