សុក្រ , 16 ធ្នូ 2022
សាស្ត្រាហ្វីម ចេញមុខការពារ ស្កាយ និង រាជ ខណៈមហាជនកំពុងរិះគន់ខ្លាំង
កម្សាន្ត៖ ដោយសារតែមានមតិអវិជ្ជមានខ្លាំងក្លាទៅលើ រឿង «ស្នេហា ល្ងង់+ល្ងង់» របស់ ផលិតកម្ម សាស្ត្រាហ្វីម ក្រុមហ៊ុនបានចេញលិខិតបំភ្លឺ និងចេញមុខ ការពារតួអង្គ រាជ និង ស្កាយ ។ បន្ថែមពីនេះក្រុមហ៊ុនព្រមានចាត់វិធានការ តាមផ្លូវច្បាប់ សម្រាប់ការចែកចាយណាដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ក្រុមការងារ ជាពិសេសគឺតួសម្តែង ខណៈរឿងខាងលើនេះក្រុមហ៊ុនបានបញ្ជាក់ថា មិនមែនជា រឿងបែបអាសអាភាស ដែលផលិតឡើងក្នុងគោលបំណងពង្វក់សង្គម ឬជាន់ ពន្លិចវប្បធម៌ និងសីលធម៌នោះទេ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងក្លាទៅលើ ស្កាយ និង រាជ ដែលសម្តែងដោយតារាស្រីស៊ិចស៊ី ហ្វាហ្វា និង ឡៅ បញ្ញា ព្រោះតែវីដេអូសម្តែង ស្នេហារបស់អ្នកទាំងពីរមានលក្ខណៈស្រើបស្រាល ធ្វើឱ្យអ្នកលេងបណ្តាញសង្គម រិះគន់ចាស់ដៃ ដោយ ហ្វាហ្វា បាននិយាយថាជារឿងបែប អប់រំ ប៉ុន្តែវីដេអូវិញ ជាប្រភេទវីដេអូមនុស្សធំ ១៨បូក។
ស្របពេលវីដេអូស្រើបស្រាលខ្លីៗបានចែកចាយលើបណ្តាញសង្គម និងមានការរិះ គន់ច្រើនពីសំណាក់មហាជន ក្រុមហ៊ុន សាស្ត្រាហ្វីម បានចេញលិខិតបំភ្លឺ និងបាន បញ្ជាក់ថា រឿង «ស្នេហា ល្ងង់+ល្ងង់» មិនមែនជារឿងបែបអាសអាភាស ដែល ផលិតឡើងក្នុងគោលបំណងពង្វក់សង្គម ឬជាន់ពន្លិចវប្បធម៌ និងសីលធម៌ នោះ ទេ។
ក្រុមហ៊ុន សាស្ត្រាហ្វីម បានបញ្ជាក់ថា ខ្សែភាពយន្តភាគ «ស្នេហា ល្ងង់ + ល្ងង់» ចាក់ផ្សាយតែក្នុង Sastra Film App តែ ១ប៉ុណ្ណោះ ហើយសរុបទាំងអស់ ៤ភាគគត់ ដែលបាន ចាក់ផ្សាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយគ្នានេះ រឿងនេះខាងលើ មិនមែនជារឿង អាសអាភាស គ្រប់សាច់រឿងតែងតែបង្កប់នូវ តម្លៃអប់រំ ប្រទាក់ក្រឡា ក៏ដូចជាការបកស្រាយចម្ងល់នូវចុងបញ្ចប់នៃសាច់រឿង។ ជាពិសេស រឿងនេះបានផលិតឡើង ដោយទាញយកពីសាច់រឿងពិត មួយនៅក្នុង សង្គម ដែលអ្នកនិពន្ធ និងអ្នកដឹកនាំបានផលិតឱ្យក្លាយទៅ ជាសាច់រឿងពេញ លេញពីអ្នកនិពន្ធ រឿង «បដាចា»។
ដោយឡែក កម្មវិធីទស្សនា Sastra Film App បានបែងចែកដែលអាចទស្សនា ទៅតាមវ័យទៅតាមប្រភេទសាច់រឿង មានដូចជា រឿងខ្លះតម្រូវឱ្យមាន អាយុ ១៣ឆ្នាំ ឡើងទៅ ខណៈខ្សែភាពយន្តភាគ«ស្នេហា ល្ងង់ + ល្ងង់» បានកំណត់ អាយុទស្សនាចាប់ពី ១៨ឆ្នាំឡើងទៅ ។
ភ្ជាប់ជាមួយគ្នា ក្រុមហ៊ុន សាស្ត្រា បានលើកឡើងទៀតថា អ្នកចែកចាយបន្ត លើបណ្តាញសង្គមដោយគ្មានការអនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ដល់ តម្លៃនៃការ ផលិត ក៏ដូចជាការបញ្ចេញមតិវាយតម្លៃទៅលើ តួសម្ដែង អ្នកនិពន្ធ អ្នកដឹកនាំ និងដូចជា ក្រុមការងារទាំងអស់ ក្រុមហ៊ុន នឹងធ្វើការតាមផ្លូវច្បាប់សម្រាប់ ការចែកចាយណាដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ក្រុមការងារជាពិសេសគឺតួសម្តែង (រាជ និង ស្កាយ) ដែលបានលះបង់ទាំងកម្លាំងកាយ និងចិត្តក្នុងការសម្តែងរឿងនេះ៕
សូមបញ្ចេញមតិនៅទីនេះ