អ្នកលេងរន្ទះជើង លី សុជាតិ ត្រឡប់មកកាន់សង្វៀនជាថ្មីសន្យាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត
បន្ទាប់ពីបាត់មុខមួយរយៈធំ ពីសង្វៀនប្រដាល់គុនខ្មែរ ពេលនេះអ្នកលេងស្នៀតជើងដ៏ល្បីរបស់កម្ពុជាកីឡាករ លី សុជាតិ បានត្រឡប់មកវិញហើយ ដើម្បីតតាំងជាមួយអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ នឿមេក ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដណ្តើមប្រាក់លាន ក្នុងកម្មវិធី «ប្រដាល់ដណ្ដើមប្រាក់លានខារ៉ាបាវ» នៅស្ថានីយទូរទស្សន៍ CNC នាថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២រសៀលសប្តាហ៍នេះ ។
ថ្លែងប្រាប់ Lee News ពីកន្លែងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានស្តាតចាស់ លី សុជាតិ បានឲ្យដឹងថា មិនហ៊ានរំពឹងខ្ពស់ ប៉ុន្តែប្ដេជ្ញាខ្ពស់ បន្ទាប់ពីផ្អាកឡើងប្រកួតប្រហែលជិតកន្លះឆ្នាំ ។ កីឡាកររបស់ក្លឹបខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា « បាទបងសម្រាប់កាប្រួតលើកដំបូងនេះ មិនទាន់ហ៊ានរំពឹងខ្ពស់ទេ តែខ្ញុំប្ដេជ្ញាធ្វើឲ្យបានល្អ ដោយសារទើបតែបានចូលហ្វឹកហាត់ឡើងវិញ ដោយសារផ្អាកឡើងប្រកួតប្រហែលកន្លះឆ្នាំមកហើយ ដូច្នេះស៊ូសយើងក៏មិនទាន់បានគ្រប់គ្រាន់មកដូចពីមុនដែរ ដោយបានត្រឹមតែ៥០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបពីមុន ។ សម្រាប់ជំនួបជាមួយថៃនេះ មានការបារម្ភខ្លះដែរ ដោយសារយើងខានប្រកួតយូ រាងដូចគាំងដៃ គាំងជើងមិនសូវរស់រវើកដូនមុននៅឡើយទេបង ។ បើសិនយើងបានប្រកួតញឹកញាប់ ក្នុង១ខែម្តង រឺ២ដង វាអាចថា ងាយស្រួលសម្រាប់យើងច្រើន » ។
ម្ចាស់ខ្សែក្រវាត់៤គ្រឿងរូបនេះបញ្ជាក់ទៀតថា សម្រាប់ដៃគូរដែលត្រូវប្រកួត មិនធ្លាប់ស្គាល់ មិនដឹងថាគេល្អចំណុចណាខ្លះទេ ។ បើទោះបីជាយ៉ាងនេះក្តីក៏ លី សុជាតិ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់ ពង្រឹងស៊ូស នឹងបានសន្យាថា ធ្វើអោយបានល្អ ឡើងប្រកួតមិនអោយអ្នកគាំទ្រខកបំណងឡើយ។
សូមបញ្ជាក់ថា សម្រាប់ការវិលមកកាន់សង្វៀនគុនខ្មែររបស់ លី សុជាតិ វិញនេះត្រូវបាន ជាជំនួបដំបូងសម្រាប់គេ បន្ទាប់ពីខកខានឡើងប្រកួតមួយរយៈដោយសារមានបញ្ហាជាអតីតក្លឹបចាស់ ខណៈដែលបងប្អូនអ្នកដែលស្រលាញ់វិស័យគុនខ្មែរ មួយចំនួនក៏បានធ្វើការលើកទឹកចិត្តតាមបណ្តាញសង្គម ចង់ឃើញ កីឡាករ គុនខ្មែររូបនេះ ឡើងប្រកួតឆាប់ៗ៕
សូមបញ្ចេញមតិនៅទីនេះ