អង្គារ , 20 ធ្នូ 2022
តារាសម្តែងល្បីនឹងឈុតស្នេហារោល-រាល កុល ដាវី ត្រឡប់មក អាជីពចាស់ តែត្រូវស្វាមីដាក់លក្ខ-ខណ្ឌ…
កម្សាន្ត៖ពេលនេះដែរតារាសម្តែងរូបស្រស់ កុល ដាវី បានត្រឡប់មកសម្តែងរឿងជាថ្មី ដោយសព្វថ្ងៃនាងកំពុងមមាញឹកថតរឿងភាគទូរទស្សន៍បាយ័ន ។ អ្វីដែលកត់ សម្គាល់ការវិលមកសម្តែងរឿងជាថ្មីរបស់ កុល ដាវី ក៏ទទួលបានការហាមឃាត់ ពីសំណាក់លោក សុខ រក្សា នៅក្នុងការសម្តែងជាតួបែបកាចឆ្នាស់ឆ្នើមរួមនឹង ការសម្តែងឈុតស្នេហាបែបរោលរាលជាដើម ។
កុល ដាវី ក៏ជាតារាសម្តែងស្រីដែលមានសម្រស់ស្អាតហើយការតុបតែងខ្លួន របស់នាងក៏សិចស៊ីនិងស៊ីវិល័យមិនធម្មតាដែរ។ ជារឿយៗតារាកូនមួយរូបនេះតែងលេច មុខនៅក្នុងការសម្តែងជាតួកាចឆ្នាស់ឆ្នើមដែលមានចរិតឡូយឆាយនិងចូលចិត្តដណ្តើមសង្សារ ឬប្តីគេ ឃើញហើយពិតជាធ្វើឱ្យអ្នកទស្សនាចូលអារម្មណ៍តាមសាច់រឿងខឹងសប្បាយគ្រប់ៗគ្នា។ ប៉ុន្តែស្របពេលកំពុងទទួលបានការចាប់អារម្មណ៍ កុល ដាវី បានខកខានក្នុងការសម្តែងមួយរយៈ ដោយសារនាងយកពេល វេលាមើលថែទាំកូនតូច ដែលសព្វថ្ងៃមានវ័យប្រមាណជា៨ខែហើយ ។
ទោះយ៉ាងណាមកដល់ពេលនេះ កុល ដាវី នៅតែមានហាងឆេងដដែល ព្រោះគ្រាន់តែនាងប្រកាសចូលសិល្បៈវិញ ក៏មាន ឱកាសបានចូលរួមសម្តែងរឿងភាគរបស់ទូរទស្សន៍បាយ័នដែលមានចំណងជើងថា«ក្អែកពាក់ស្លាបហង្ស»ដោយនាងសម្តែងជាតួអង្គសំខាន់ម្នាក់ដែលមានចរិកស្លូតបូត ។
ការត្រឡប់មកកាន់អាជីពចាស់របស់ កុល ដាវី ក្រោយពេលនាងមានប្តី និងមានកូននេះដែរ ក៏មិនស្រួលដូចកាលន្លួននៅលីវដែរ ព្រោះត្រូវស្វាមីលោក សុខ រក្សា មានការហាមឃាត់ ចំពោះការថតរឿងបែបកាចឆ្នាស និងឈុតឆាកស្នេហារោលរាល ត្រូវប្តីមិនអនុញ្ញាតិឡើយ។ មិនលាក់បាំងពីរឿងខាងលើនេះ កុល ដាវី បានប្រាប់ Lee News តាមទូរស័ព្ទថា «ប៉ាប៉ា (សុខ រក្សា) ហាមមិនឱ្យសម្តែងជាតួកាចដោយសារខ្លាចការសម្តែងធ្វើឱ្យ ប៉ះពាល់អារម្មណ៍ខ្ញុំ ព្រោះកូនយើងនៅតូចនៅឡើយ។ បើនិយាយពីការលេងឈុតស្នេហាសុំត្រឹមល្មមៗទេមិនឱ្យហួសព្រំដែនកំណត់ ព្រោះដូចដឹងស្រាប់ហើយថា យើងមានប្តីនិងកូនហើយ»។
តារាសម្តែងរូបនេះបានបន្ថែមថា ដោយសារកូននៅតូចដូច្នេះនាងមានលំបាកខ្លះៗក្នុងការទទួលការងារសិល្បៈវិញ ព្រោះត្រូវទុកកូនស្រីឱ្យស្វាមីជាអ្នកមើល ។ កុល ដាវី បានប្រាប់ថា «ដោយសារមិនទុកចិត្ត អ្នកដទៃដូច្នេះពេលខ្ញុំមកថតកូនត្រូវឱ្យប៉ាប៉ាគេជាអ្នកមើលថែ។ និយាយត្រង់ ចុះមើលខ្លួនឯងទើបទុកចិត្ត»។
ក្រោយមានកូនស្រីជាចំណងដៃដំបូងជីវិតគួ្រសារបស់ កុល ដាវី កាន់តែពោរ ពេញទៅដោយភាពកក់ក្តៅ និងសុភមង្គល តែយ៉ាងណាតារាស្រីរូបនេះបាន ប្រាប់ថានាងមិនមានបំណងយកកូនទីពីរទៀតទេព្រោះទម្រាំបានកូនមួយនេះពិបាកណាស់ព្រោះសុខភាពនាងមិនអំណោយផល បូកផ្សំនឹងនាងក៏មានវ័យ ច្រើនក្បែរ ៤០ឆ្នាំទៅហើយ។ក្រៅពីការងារសិល្បៈ កុល ដាវី ក៏មានមុខរបរនៅ ក្នុងដៃជាច្រើនដែលមានទាំងវង់តន្ត្រី និងរបរលក់អនឡាញដែលកំពុងពេញ និយមនាពេលបច្ចុប្បន្ន៕
សូមបញ្ចេញមតិនៅទីនេះ