ព្រហស្បតិ៍ , 22 ធ្នូ 2022
គ្រុឌគុនខ្មែរ នៅត្បូងឃ្មុំបីថ្ងៃប្រជុំជើងខ្លាំងលំដាប់A របស់កម្ពុជា វ៉ៃដណ្ដើមពានទល់ថៃ និងឡាវ
ព្រឹត្តិការណ៍មិនធ្លាប់មាន គ្រុឌគុនខ្មែរ ដែលគ្រោងធ្វើឡើងនៅខេត្តត្បូងឃ្មុំប្រជុំដោយជើងខ្លាំងកម្រិត A របស់កម្ពុជា នឹងប៉ះជើងខ្លាំងឆ្លងដែនមកពីថៃ និងឡាវ នាថ្ងៃទី៣០ ទី៣១ ខែធ្នូ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ។
បើតាមប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា ការប្រកួតកម្មវិធី គ្រុឌគុនខ្មែរ មានជើងខ្លាំងជួរមុខរបស់កម្ពុជាជាច្រើន មានដូចជា៖ ម៉ឺន មេឃា, ឈឿន ល្វៃ, ព្រំ សំណាង, ពេជ្រ សម្បត្តិ ប៉ះ ធន់ អៀងឡៃ និងម៉ាលី អ៊ូប៉, អេអាំម៉ារិន, ឡុង បែនលឿន, សូដា សូសែង, រិន ដេវីត និង អេលីត ភក្ដី ជាដើម ។ កីឡាករកម្ពុជាខាងលើ នឹងប៉ះកីឡាករ ថៃ ឬ ឡាវ ដោយបានបែងចែកពេលវេលាប្រកួតរួចរាល់។
បន្ថែមលើសពីនេះព្រឹត្តិការណ៍ខាងលើក៏មានការប្រកួតដណ្ដើមពានរង្វាន់ចំនួនពីរដង ដោយថ្ងៃទី៣០ ប្រកួតដណ្ដើមពានម្ដងរវាងកីឡាករកម្ពុជា៤រូប តទល់កីឡាករថៃ សហការជាមួយកីឡាករឡាវសរុប៤រូប ដែលប្រកួតគ្នាអមដោយទឹកប្រាក់បន្ថែមពីលើតម្លៃខ្លួនមួយចំនួនសម្រាប់បេក្ខភាពឈ្នះពាន។ ដោយឡែកថ្ងៃទី៣១ ក៏មានការប្រកួតដណ្ដើមពានម្ដងទៀត រវាងកីឡាករកម្ពុជា និងកីឡាករថៃ ជាមួយគ្នានោះក៏មានការប្រកួតដណ្ដើមខ្សែក្រវាត់ « គ្រុឌគុនខ្មែរ » រវាងកីឡាករ ពេជ្រ សម្បត្តិ និងកីឡាករ ធន់ អៀងឡៃ ដែលអមដោយទឹកប្រាក់ជិត២ពាន់ដុល្លារ។
សម្រាប់ខ្សែក្រវាត់ គ្រុឌគុនខ្មែរ នេះទៀតសោតអ្នកដែលឈ្នះ នឹងទទួលបានឱកាសការពារម្ដងហើយម្ដងទៀត ជាមួយការដំឡើងតម្លៃខ្លួនជាលំដាប់ ពីមួយប្រកួតទៅមួយប្រកួតប្រសិនបើការពារបាន៕
សូមបញ្ចេញមតិនៅទីនេះ