ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា៖ គ្រូបង្វឹកតាមក្លឹបខ្លាំង ទើបយើងអភិវឌ្ឍទៅវាបានលឿន
ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា គ្រូបង្វឹកតាមក្លឹបខ្លាំង ទើបយើងអភិវឌ្ឍទៅវាបានលឿន ។ ការលើកឡើងរបស់ឯកឧត្តមក្នុងឱកាសអញ្ជើញបិទ វគ្គសាមគ្គីអូឡាំពិកស្តីអំពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ថា ដោយសារវគ្គសាមគ្គីអូឡាំពិកនេះ សហព័ន្ធទើបតែទទួលបានពីរលើក ដូច្នេះឯកឧត្តមសង្ឃឹមថា គណៈកម្មការជាតិអូឡាំពិកកម្ពុជា និងសហការជាមួយខាងអន្តរជាតិ បន្តជួយសហព័ន្ធដើម្បីទទួលបានការរៀបចំវគ្គបែបនេះជាបន្តទៀត ។ ឯកឧត្តមក៏បានបញ្ជាក់ដែលថា ទន្ទឹមនឹងការជួយយើងក៏ត្រូវតែ ត្រៀមស្មារតី ត្រៀមការប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ ក្រេបយកចំណេះដឹង ដែលទទួលបានពីវគ្គនេះយកទៅប្រើប្រាស់អោយត្រូវ និងមានប្រសិទ្ធភាព ។ ឯកឧត្តមប្រធានបញ្ជាក់ទៀតថា កីឡាករ កីឡាការិនីរបស់យើងខ្លាំងមិនខ្លាំង គឺស្ថិតនៅលើគ្រូបង្វឹក ដើម្បីអោយខ្លាំងមិនមែនទាល់តែគ្រូ ឬសហព័ន្ធខ្លាំងនោះទេ គឺតាមក្លឹបមួយៗ ទាល់តែមានគ្រូអោយច្បាស់លាស់តាមលំដាប់ស្តង់ដាអន្តរជាតិដែរ ទើបយើងអភិវឌ្ឍទៅវាបានលឿន ។ ព្រោះកាលណាយើងចេះច្បាប់ ចេះទំលាប់ ចេះដឹកនាំច្បាស់លាស់អ្វីក៏ល្អ ហើយនៅពេលយើងប្រកួតជាមួយអន្តរជាតិ យើងនឹងទទួលបានការកោតសរសើរ ។ ឯកឧត្តមប្រធាន បន្តរថា ដោយសារវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី នឹងជាជំហានដំបូង ហើយក៏ជាការចាប់ផ្តើម ដូច្នេះរាល់ចំណេះដឹង ដែលទទួលបានប៉ុណ្ណា យកប៉ុណ្ណឹងសិនចុះ នៅពេលបន្តរបន្ទាប់ទៀតសហព័ន្ធ នឹងបន្តរបើកវគ្គបំប៉នតាមឆ្នាំបន្តរទៀត ។ ព្រោះយើងមិនមែនខំប្រឹងសម្រាប់តែស៊ីហ្គេមនោះទេ ទោះចប់ស៊ីហ្គេមក៏យើងត្រូវខំប្រឹងបន្ថែមទៀតអោយកាន់តែខ្លាំង ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសអាស៊ីអាគ្នេហ៍ ឆ្ពោះទៅអន្តរជាតិ បន្តរទៅកាន់ពិភពលោកទៀតផង ។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីអំពី គ្រូបង្វឹកកីឡាវាយសីកម្រត១ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិក សហការរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា មានរយៈ៨ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន២៥ បង្ហាត់ដោយគ្រូឧទ្ទេស លោក Sam benthan ជនជាតិម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់របស់សហ័ន្ធកីឡាវាយសីអាស៊ី សិក្សាលើជំនាញបង្ហាត់បង្រៀនកីឡាវាយសីកម្រិតដំបូងដែលជាកម្រិត១ ក្នុងនោះមានអនុវត្តន៍ផ្ទាល់លើទីលាន និងសិក្សាអំពីទ្រឹស្តី៕
សូមបញ្ចេញមតិនៅទីនេះ