លោកគ្រូ អេ ភូថង ប្រាប់យុទ្ធសាស្ត្រ ធឿន ធារ៉ា ផ្តួល សៃយុគ ឱ្យសន្លប់ ទើបមានសង្ឃឹមឈ្នះ ព្រោះវ៉ៃនៅដីគេ
លោកគ្រូ អេ ភូថង បានប្រាប់ទៅកាន់ ធឿន ធារ៉ា ថា ត្រូវតែបុកយកសន្លប់ទើបអាចឈ្នះ សៃយុគ បាន សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានស្ដេចថៃ ដែលមានតម្លៃទឹកប្រាក់១លានបាត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅសង្វៀន ថៃហ្វៃ លើទឹកដីថៃ។
លោក ចាន់ រក្សា គ្រូជំនួយរបស់ក្លិបប្រដាល់អេភូថងបានប្រាប់មកកាន់ Lee News ថា « បើតាមលោកគ្រូ អេ គាត់បាននិយាយជាមួយខ្ញុំ សម្រាប់ ធារ៉ា គាត់មានតែប្រើកណ្ដាប់ដៃ និងកែងប្ដូរគ្នាទៅវិញទៅមកទេ ទើបអាចមានសង្ឃឹមឈ្នះ សៃយុគ បាន»។
គ្រូជំនួយុរូបនេះបន្តថា «បើតាមខ្ញុំគិត បើសិនយើងវ៉ៃគេឈ្នះល្មមៗ តាមមើលទៅ...គេមិនឲ្យយើងឈ្នះទេ ព្រោះអីយើងទៅវ៉ៃទឹកដីគេ ហើយណាមួយ សៃយុគ គាត់ជាម្ចាស់សង្វៀនហ្នឹងផង។ សម្រាប់គូនេះបើតាមខ្ញុំគិត គឺមិនចប់បីទឹកទេ បើមិនយើងសន្លប់ ក៏គេសន្លប់ដែរ ព្រោះអីខាងយើងដឹងតែប្ដូរហើយ»។ នេះជាការបន្ថែមរបស់លោក រក្សា ។
លោកគ្រូដដែលនេះបានបន្ថែមទៀតថា លោកគ្រូ អេ ភូថង ដែលជាគ្រូធំបានបំពាក់បច្ចេកទេសរួចរាល់ ដែលផ្ដោតខ្លាំងគឺកណ្ដាប់ដៃ និងកែង ដល់ ធឿន ធារ៉ា ហើយ។ ដោយឡែកសម្រាប់ការហ្វឹកហាត់វិញ ធារ៉ា បានផ្ដោតយ៉ាងខ្លាំង និងបានពេញលេញល្អណាស់ ព្រមទាំងបានតាំងចិត្តយ៉ាងមុតមាំក្នុងការប្រឹងប្រែងដើម្បីមុខមាត់គុនខ្មែរលើកឆាកទឹកដីថៃ៕
សូមបញ្ចេញមតិនៅទីនេះ