លោកជា ពៅ ៖ អត្តពលិកវាយកូនបាល់កម្ពុជាមាន វិន័យ បច្ចេកទេស និងគុណភាព ទើបអាចអោយចេញប្រកួតតំណាងជាតិ
ភ្នំពេញ ៖ អត្តពលិកវាយកូនបាល់កម្ពុជាមាន វិន័យ បច្ចេកទេស និងគុណភាព ទើបអាចអោយចេញប្រកួតតំណាងជាតិ ។ នេះបើតាមការបញ្ជាក់របស់លោកជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោយបញ្ចប់ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ។
ដែលពិធីបិទការប្រកួតមានការអញ្ជើញជាអធិបតីភាព ពីសំណាក់ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ទេព រិទ្ធី វិទ្ធ អគ្គលេខាធិការ សហ័ន្ធកីឡាវាយកូនបាល់កម្ពុជា និងតំណាងក្រសួងអប់រំ នៅពហុកីឡដ្ឋានអូឡាំពិក នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។
លោកជា ពៅ អគ្គលេខាធិការរង និងជាអនុគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ ជាការសម្រួច និងពិនិត្យមើលសមត្ថភាពអត្តពលិក ដើម្បីត្រៀមឆ្ពោះទៅការប្រកួតនាឆ្នាំ២០២៣ ដែលកាន់តែខិតជិតមកដល់ នាពេលឆាប់ៗខាងមុខនេះ ។ លោកជា ពៅ បន្តថា បើតាមសង្កេតមើលជាក់ស្តែង អត្តពលិកដែលមកពីក្លឹបខេត្តសៀមរាប ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច មានភាពលេចធ្លោជាងគេ ។ បើទោះបីជាមានភាពលេខធ្លោបែបនេះក្តី តែទិសដៅរបស់សហព័ន្ធ ក៏នឹងជម្រុញបន្ថែមទៀតទៅលើកីឡាករ កីឡាការិនីដែលមកពីបណ្តាលក្លឹបផ្សេងៗ ដោយមិនប្រកាន់ថាក្លឹបមកពីតំបន់ណានោះទេ ដើម្បីអាចទទួលបានធន់ធានបន្តរវេន ដែលមានសក្កានុពល សម្រាប់ប្រកួតតំណាងជាតិនាថ្ងៃអនាគត់ ។ លោកជា ពៅ បានអោយដឹងទៀតថា ចំពោះគោលបំណងរបស់សហព័ន្ធ យើងចង់បញ្ជូកីឡាករទៅចូលរួម គ្រប់ការប្រកួតទាំងអស់ មិនថាថ្នាក់ជាតិ រឺអន្តរជាតិនោះទេ ដើម្បីទទួលបានបទពិសោធន៍ រួចជាមួយបច្ចេកទេសថ្មីៗ ។ ប៉ុន្តែមុនបញ្ជូនចេញទៅប្រកួតយើងត្រូវដុះខាត់ទាំងវិន័យ បច្ចេកទេស និងគុណភាពរបស់កីឡាករ កីឡាការិនីយើងសិន មិនមែនយើងរើស កីឡាករដែលមានតែវិន័យមួយមុខ តែគ្មានសមត្ថភាពប្រកួតឈ្នះ យើងអនុញ្ញាតិអោយគាត់ចេញទៅប្រកួតតំណាងជាតិយើងទាំងមូលបាននោះទេ ។
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ ជាលទ្ធផលនៃការប្រកួត វិញ្ញាសាវាយឯកត្តជននារី ចំណាត់ថ្នាក់លេខ១ បានលើកីឡាការិនីញ៉ែម ស្រីនុច មកពីខេត្តសៀមរាប,វិញ្ញាសាវាយឯកត្តជនបុរស ចំណាត់ថ្នាក់លេខ១ បានលើកីឡាករ ឡុង សំនៀង មកពីក្លឹបក្រសួងការពារជាតិ , វិញ្ញាសាវាយគូរបុរស ចំណាត់ថ្នាក់លេខ១ បានលើកីឡាករ ឡុង សំនៀង និងឱ សារិទ្ធ មកពីក្លឹបក្រសួងការពារជាតិ , វិញ្ញាសាវាយគូរបុរស និងនារី ចំណាត់ថ្នាក់លេខ១បានលើកីឡាករិនី ញ៉ែម ស្រីណុច និងកីឡាករ ញ៉ែម សុភ័ក្រ្តា មកពីខេត្តសៀមរាប ៕
សូមបញ្ចេញមតិនៅទីនេះ