ក្រោយបញ្ចេញរូបភាព Pre-Wedding ខាត់ វៃហាំង លើកឡើងថាដល់វ័យមួយត្រូវរៀបការ
កម្សាន្ត៖ បន្ទាប់ពីរូបភាព Pre-Wedding របស់តារាសម្តែង ខាត់ វៃហាំង និងតារាសម្តែង ស៊ីន យូប៊ីន បានស្លៀកពាក់ផ្ទុយគ្នាដោយប្រុសតែងស្រី ស្រីតែងប្រុស ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតអ្នកគាំទ្រគិតថា អ្នកទាំងពីរអាចនឹងមានដំណឹងល្អឆាប់ៗ ។ ទោះយ៉ាងណា លោក ខាត់ វៃហាំង បានបកស្រាយនៅក្នុងកម្មវិធី Fan Meeting របស់លោកកាលពីពេលថ្មីៗនេះថា រូបភាពនោះគឺជាការថតឱ្យ G-rise media ដោយពេលនេះលោកកំពុងរវល់ការងារសិល្បៈពុំទាន់គិតថ្ងៃរៀបការទេ ប៉ុន្តែក៏មិនយូរដូចគ្នាព្រោះលោកដល់វ័យសាងជីវិតគ្រួសារ គ្រាន់តែមិនមែនពេលនេះ។
ខាត់ វៃហាំង ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ព្រោះលោកមានទេពកោសល្យខ្ពស់លើអាជីពសម្តែងថែមទាំងមានរូបរាងស្រស់សង្ហា កាន់តំណែងជាតួឯកប្រុសមិនដែលដាច់រហូតក្រសោបពានរង្វាន់នៅប្រទេសថៃកាលពីកន្លងទៅនេះជាមួយកញ្ញា ស៊ីន យូប៊ីន។
ជាមួយគ្នានេះ នៅក្នុងកម្មវិធីជួបអ្នកគាំទ្រលក្ខណៈឯកជនមានគ្នាប្រមាណជាង១០នាក់កាលពីថ្ងៃទី២២ លោក ខាត់ វៃហាំង ត្រូវបានអ្នកគាំទ្រជីកសួរដេញដោលជាច្រើនជាពិសេសពីរឿងលោក និងកញ្ញា យូប៊ីន នឹងចង់ឃើញអ្នកទាំងពីររៀបការឆាប់ៗ។
ផ្តល់បទសម្ភាសមកកាន់ Lee News ពេលបញ្ចប់កម្មវិធីជួបអ្នកគាំទ្រ តារាសម្តែង ខាត់ វៃហាំង បានលើកឡើងថា ជាការពិតរូបភាពដែលលោកថតជាមួយកញ្ញា ស៊ីន យូប៊ីន គឺជាការថតឱ្យ G-rise media ហើយលោកនិងដៃគូ បានថតឱ្យគម្រោងនេះជាយូរមកហើយ។ ជុំវិញរឿងរៀបការ អតីតហ្វ្រេសស៊ីរូបនេះបានអះអាងថា លោកមិនទាន់រៀបការពេលនេះនោះទេ ប៉ុន្តែក៏មិនយូរខ្លាំងដូចគ្នាព្រោះលោកក៏មានវ័យច្រើនហើយ ដល់ពេលដែលត្រូវសាងជីវិតគ្រួសារ គ្រាន់តែមិនមែនជាពេលនេះដោយសារតែការងារសិល្បៈលោកកំពុងមមាញឹកខ្លាំង។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត «លួចស្នេហ៍គូដណ្តឹង» ដែលសម្តែងដោយលោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន កំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN កំពុងទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនដោយសារតែប្រភេទតួអង្គក្នុងសាច់រឿងនេះគឺដូចអត្តចរិតពិតរបស់តួអង្គនៅខាងក្រៅ ខណៈរឿងមួយនេះលោក ខាត់ វៃហាំង បានលើកឡើងថាជារឿងមួយដែលលោកស្រលាញ់ហើយតារាសម្តែងក្នុងរឿងនេះទៀតសោតបានខិតខំយ៉ាងខ្លាំងទៅលើខ្សែភាពយន្តនេះ៕
សូមបញ្ចេញមតិនៅទីនេះ