សៅរ៍ , 24 ធ្នូ 2022
ខំប្រឹងរៀនអត់បានគេងត្រឹមតែ ៦ថ្ងៃទីបំផុតតារាចម្រៀង សោភា ទេពី បានប្រលងជាប់ជាស្ថាពរ
កម្សាន្ត៖ មិនខុសពីមិត្តរួមអាជីពមួយចំនួនឡើយពេលនេះតារាចម្រៀងរូបស្រស់ទ្រលុកទ្រលន់ សោភា ទេពី បានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដូចក្តី ប្រាថ្នាដែលធ្វើឱ្យនាងមានការរីករាយជាខ្លាំង ។ អ្វីដែលចាប់អារម្មណ៍នោះបើ ទោះមមាញឹកនៅក្នុងការច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីនានាស្ទើររាល់ថ្ងៃ តែ សោភា ទេពី តែងចំណាយពេលសិក្សាផងដែរ ។ កាន់តែកៀកដល់ថ្ងៃប្រឡង តារាចម្រៀង សោភា ទេពី សម្រុករៀនរយៈពេល៦ថ្ងៃរហូតអត់បានសម្រាក ថែមទៀត។
ក្រៅពីតារាសម្តែង អាង សុជាតា ពេជ្រ ថៃ និងតារាចម្រៀង ចាន់ សុបញ្ញា នោះ តារាចម្រៀង សោភា ទេពី ក៏ទទួលបានជោគជ័យនៅក្នុងការប្រលងនេះផងដែរ ។ ប៉ុន្តែខុសត្រង់ សោភា ទេពី បន្តការសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈដែល មានន័យថាកញ្ញាអាចសិក្សាទាំងចំណេះទូទៅនិងមុខជំនាញសិល្បៈដែលខ្លួនស្រឡាញ់។ តាមរយៈបទសម្ភាសជាមួយ Lee News នៅក្នុងថ្ងៃ២៣ នេះ សោភា ទេពី បាននិយាយថានាងពិតជាមានអារម្មណ៍រីករាយខ្លាំងរហូតស្រក់ ទឹកភ្នែកដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនបានទទួលជោគជ័យតាមបំណងរបស់ខ្លួនបែបនេះ ។
សម័យប្រឡងមធ្យមសិក្សាទុតិយភូមិនៅនៅសាលាមធ្យមវិចិត្រសិល្បៈបានប្រព្រឹត្តទៅមុនសាលាចំណេះដឹងទូទៅពោលគឺនៅថ្ងៃទី ២៩ និង ៣០ ខែវិច្ឆិកា នឹងបានចេញលទ្ធផលតាំងពីថ្ងៃទី ១៥ ធ្នូ ម្លេះ។តារាចម្រៀងវ័យ១៩ឆ្នាំ រូបនេះបានឱ្យដឹងថា«ខ្ញុំខុសពីសិស្សរៀននៅតាមសាលាចំណេះដឹងទូទៅ ដោយសារក្រៅពីទទួលបានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំក៏ទទួល បានសញ្ញាប័ត្រជំនាញយីកេមួយបន្ថែមទៀត »។ទោះបីជាយ៉ាងនេះក្តី សោភាទេពី មិនទាន់ដឹងថានាងជាប់និទ្ទេសអ្វីឡើយគ្រាន់តែដឹងថានាងប្រឡងជាប់ ។
អ្វីដែលចាប់អារម្មណ៍ដ្បិតមមាញឹកនៅក្នុងការច្រៀងតាមបណ្តារកម្មវិធីប្រគំតន្រ្តីនានាស្ទើររាល់ថ្ងៃក៏ពិតមែន តែ សោភា ទេពី បានបែងចែកពេលវេលារៀនសូត្រ ច្បាស់លាស់។ ស្រីស្អាតរូបនេះប្រាប់ថា «មុនប្រឡងពីរខែខ្ញុំតែងព្យាយាម អាន និងរំឮកមេរៀនរាល់ថ្ងៃតាមការដាស់តឿនរបស់លោកគ្រូអ្នកគ្រូហើយសម្រុករៀនខ្លាំងមុនប្រឡងរយៈពេល៦ថ្ងៃរហូតថ្ងៃខ្លះអត់បានគេងទៀតផងហើយលទ្ធ ផលខ្ញុំទទួលបានជោគជ័យដូចបំណង»។
ខុសពីតារាដទៃទោះប្រឡងជាប់មធ្យមសិក្សាទុតិយភូមិជាស្ថាពរក្តី តែ តារា ចម្រៀង សោភា ទេពី គ្មានគម្រោងចូលសិក្សានៅមហាវិទ្យាល័យបន្តឡើយ ដោយនាងចង់បន្តសិក្សាភាសាបរទេសដែលមានដូចជាភាសា អង់គ្លេស ថៃ និងភាសាចិនឱ្យច្បាស់លាស់ងាយស្រួលទំំនាក់ទំនងទៅថ្ងៃក្រោយឱ្យមានភាពទូលំទូលាយ៕
សូមបញ្ចេញមតិនៅទីនេះ